ព័ត៌មានជាតិ

បើករថយន្តប្រដេញគ្នាដូចក្នុងកុន ​ធ្វើឲ្យឡង់គ្រីស័រ ស្លាកលេខ​ឧត្ដរមានជ័យ​ 2A-0205 ពន្លះរថយន្តTACOMA​ រេចង្កូតបុកបង្គោលភ្លើង និងទម្លុះតូបយាម និងដើមឈើ​បាក់ខ្ទេច​

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនករណី ជាក់ស្ដែង​គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើង ដោយជនជាតិម៉ាឡេស៊ី​២នាក់ បើករថយន្តម៉ាក TACOMA ប្រដេញគ្នាជាមួយ​រថយន្តឡង់គ្រីស័រ មួយគ្រឿងទៀត បើកបរដោយជនជាតិជប៉ុន២នាក់ បានវ៉ាជែងគ្នាមិនផុត​ ក៏ជ្រុលទៅបុកចំ​បញ្ឆិត​ពីមុខ បណ្ដាលឲ្យ​រេចង្កូតទៅបុកតូបយាមរបស់សន្តិសុខ ខ្ទេចអស់ និងបុកបាក់ដើមចំប៉ាអស់១ដើមទៀត បាក់ដាច់ទាំងគល់ រួចបន្តទៅបុកបង្គោលភ្លើងថ្ម បាក់អស់ចំនួន១ដើម​ បណ្តាលឲ្យរថយន្តបោកផ្ទប់ជាប់និងបង្គោលភ្លើង ​រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ​មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដ៏សាហាវដូចរឿងកុននេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ៦៣ កែងផ្លូវលេខ៤០០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ប្រភពពីសន្តិសុខយាមសណ្ឋាគារទល់មុខកន្លែងកើតហេតុ​បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញ រថយន្តមួយគ្រឿង​ ម៉ាក TOYOTA TACOMA ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AQ-5114 បើកបរដោយជនជាតិម៉ាឡេស៊ី​២នាក់ ធ្វើដំណើរពីត្បូងទៅជើង ដោយឃើញបើកប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក​ឡង់គ្រីស័រ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ​ឧត្ដរមានជ័យ​ 2A-0205 ក្នុងល្បឿនយ៉ាងលឿន​ដូចគ្នា ខណ:ពេលមកដល់ចំណុចកើតហេតុ​ដែលជាផ្លូវបែកជាបួន មិនព្រមបន្ថយល្បឿនទេ រថយន្ត TACOMA បានបន្ថែមល្បឿន​ ដើម្បីវ៉ាជែងឲ្យផុត ស្រាប់តែរថយន្ត​ឡង់គ្រីស័រ​បានបន្ថែមល្បឿន​ដែរ​ ហើយរថយន្តទាំង២គ្រឿងរេចង្កូតមកអែបក្បែរគ្នា ហើយរថយន្តឡង់គ្រីស័រក៏បានបុករថយន្ត TACOMA ប៉ះបញ្ឆិត​ចំខាងមុខ បណ្ដាលឲ្យរថយន្តឡង់គ្រីទាញចង្កូតមកវិញជ្រុលឡើងទៅលើចិញ្ចើមផ្លូវ បុករះតូបយាមរបស់សន្តិសុខ ខ្ទេចអស់ទាំងស្រុង និងបុកដើមចំប៉ា បាក់អស់១ដើមទៀត ដាច់ត្រឹមគល់ រួចរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកផ្ទប់បង្គោលភ្លើងថ្ម ពេញទំហឹង​ បណ្ដាលឲ្យ​បាក់បង្គោលភ្លើងចំនួន១ដើម​។ ​ចំណែកឯរថយន្ត​បោកជាប់នឹងបង្គោលភ្លើងអែបទៅជាប់របងផ្ទះវីឡា រងការខូចខាតយ៉ាងដំណំ និងបែកកញ្ចក់ខាងមុខចំហៀងខាងស្ដាំ និងខ្ទាត​កម្ទេចកម្ទី​បាក់បែក​ រប៉ាត់រប៉ាយពេញផ្លូវ។ ចំណែកឯរថយន្ត​ TACOMA ខ្ទាតវិលមកក្រោយ១ជុំ រងការខូចខាតរថយន្តខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ​ផងដែរ ​តែសំណាងល្អ​មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ជំនាញ ចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ សងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋ តាមផ្លូវច្បាប់៕

មតិយោបល់