ព័ត៌មានជាតិ

ព្រះរាជអាជ្ញារង កុល បុន លែងជនសង្ស័យពាក់ព័ន្ធ រឿង យកម៉ូតូមិត្តភក្តិទៅបញ្ចាំ

ភ្នំពេញ: លោក កុល បុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះថា លោក ពិតជាបានសម្រេចដោះលែង ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធ ករណី យកម៉ូតូមិត្តភក្តិទៅបញ្ចាំ មែន ដោយសារតែ ជនរងគ្រោះ បានដកពាក្យបណ្តឹង។

បើយោងតាមរបាយការណ៍របស់ សមត្ថកិច្ច ជនសង្ស័យមាន ឈ្មោះ កែវ ចាន់សីហា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣១ ផ្លូវបេតុងលេខ០២បុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ រស់ ស្រីពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ០៤ ផ្លូវបេតុងលេខ០២បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត យកម៉ូតូជនរងគ្រោះ ម៉ាកសេ១២៥ សេរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FW-8357 ទៅបញ្ចាំ ប្រព្រឹត្ត នៅចំណុចផ្ទះលេខ០៤ ផ្លូវបេតុងលេខ០២ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨៕

មតិយោបល់