ព័ត៌មានជាតិ

ទើបប្រឡងជាប់បាក់ឌុបថ្មីៗ ត្រូវរថយន្តដឹកស៊ីម៉ង់តិ៍ឡើងស្ពានមិនរួច រអិលថយកិនស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ: ក្មេងស្រីម្នាក់ ដែលទើបប្រឡងជាប់បាក់ឌុកថ្មីៗ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មដោយសាររថយន្តហ៊ីយ៉ាន់ដាយ ៥តោនដឹកស៊ីម៉ង់ត៍ឡើងលើស្ពានលីយ៉ុងផាត់មិនរួច រលត់ម៉ាស៊ីនរអិលថយក្រោយកិនស្លាប់ ខណ:ម្តាយនិងនារីរងគ្រោះជិះម៉ូតូស្របទិសគ្នានៅពីក្រោយរថយន្តបង្ក។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីនៅលើស្ពានលីយ៉ុងផាត់ផ្នែកខាងកើត ភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ុន តាំងហៀង ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ រីឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ឃ ១៣២២ ភព៣ បើកបរដោយបុរសម្នាក់មិនទាន់បានស្គាល់អត្តសញ្ញាណទេ បន្ទាប់ពីកើតហេតុត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។

បើតាមស្ត្រីជាម្តាយរបស់នារីរងគ្រោះបាន ឈ្មោះ រី អាយុ៤២ឆ្នាំ បានឲ្យដឹងថា កូនស្រីគាត់ទើបនឹងប្រឡងបាក់ឌុបជាប់ថ្មីៗនេះ ហើយមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកសង់ឌុបកូនស្រីរបស់គាត់ធ្វើដំណើរចេញពីផ្ទះតាមផ្លូវលីយ៉ុងផាត់ គោលបំណងទៅលេងផ្ទះបងប្អូននៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ:មកដល់ចំណុចកើតហេតុលើស្ពានលីយ៉ុងផាត់ បានបន្តិច ស្រាប់តែឃើញរថយន្តដឹកស៊ីម៉ង់ត៍ មួយគ្រឿងដែលបើកបរស្របទិសគ្នាពីកើតទៅលិច ពេលនោះមិនដឹងយ៉ាងម៉េចស្រាប់តែរថយន្តបង្ករអិលថយក្រោយរេពេញស្ពាន ហើយខណ:នោះ គាត់គេចទៅឆ្វេងរថយន្តរេមកឆ្វេង គាត់គេចទៅស្តាំរថយន្តថយរេទៅស្តាំ គាត់ក៏គេចមកឆ្វេងវិញ ។ ម្តាយនារីរងគ្រោះបន្តថា ខណ:គាត់គេចមកឆ្វេងវិញស្រាប់តែកូនស្រីរបស់គាត់លោតចុះពីលើម៉ូតូក៏ត្រូវរថយន្តបង្កថយកិនស្លាប់តែម្តង។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កបន្ទាប់ពីគេចរថយន្តមួយគ្រឿងទៀតក៏រលត់ម៉ាស៊ីនហើយដោយសារដឹកធ្ងន់ជាន់
ហ្វ្រាំងមិនស៊ីក៏រអិលថយក្រោយកិនអ្នកជិះម៉ូតូស្លាប់តែម្តង។ ភ្លាមៗសមត្ថកិច្ចក៏ទៅអន្តរាគមន៍ឃាត់ខ្លួនអ្នកបើកបរបានផងដែរ ។

បច្ចុប្បន្នជនបង្កនិងរថយន្តត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការក្រុងចាត់ការតាមច្បាប់ ៕

មតិយោបល់