ព័ត៌មានជាតិ

Update៖ អាសូរណាស់! បុរសម្នាក់ជាងពិដានម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ចោលប្រពន្ធ និងកូន២នាក់

ភ្នំពេញ: បុរសម្នាក់ជាជាងពិដាន បានដាច់ខ្យល់ស្លាប់តាមផ្លូវ ខណ:ដែលជាងរួមការងារ កំពុងដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីរងរបួសធ្ងន់ធ្ងរ ដោយសារត្រូវខ្សែភ្លើងឆក់ ពេលកំពុងចាប់ពីដាន។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតទ្បើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សាយ តុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានប្រពន្ធ ជាកម្មការនីរោងចក្រ មានកូន២នាក់ក្នុងបន្ទុកគ្រួសារ និងមានស្រុកកំណើត ភូមិស្នោ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមសម្តីពីអ្នករួមការងារជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនៅធ្វើការងារ ចាប់ពិដានដោយឈរលើជន្ទារ ដែលដាក់ឡើងជាន់បាញ់វីស ចាប់ពិដានតែម្នាក់ឯង ហើយកម្មករផ្សេងទៀត រវល់ការងារផ្សេងៗគ្នា ស្រាប់តែនៅវេលាម៉ោងខាងលើ ជនរងគ្រោះ អូសទាញខ្សែភ្លើង មានស្នាមដាច់រលាត់ទៅប៉ះនឹងដែករន្ទា ទើបឆ្លងចន្តរឆក់ជនរងគ្រោះធ្លាក់មកក្រោម កម្ពស់២ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្ដឹង។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីឃើញជនរងគ្រោះ ឆក់ធ្លាក់ពីលើរន្ទាដែក ភ្លាមៗនោះ អ្នករួមការងារជាមួយ បានដឹកជនរងគ្រោះតាមម៉ូតូ យកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ ។

ជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចជំនាញខណ្ឌសែនសុខ ធ្វើការពិនិត្យកោសល្យវិច័យ ឃើញថា ពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងពិតប្រាកដមែន រួចទំនាក់ទំនងទៅក្រុមគ្រួសារ ចាត់ចែងដឹកសពយកទៅធ្វើបុណ្យ តាមប្រពៃណីឯស្រុកកំណើត៕

មតិយោបល់