ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន! ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆបោក និងក្លែងបន្លំឯកសារទិញ-លក់ដី

បន្ទាយមានជ័យ: នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៨ និង១៥នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ឆបោក និងក្លែងបន្លំឯកសារ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង សិទី្ធ ភេទប្រុស អាយុ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ទី១-ឈ្មោះ មាក ម៉ានឿម ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី២-ឈ្មោះ ហង្ស សាវឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

តាមការបំភ្លឺរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានទំនាក់ទំនងទិញដីមួយកន្លែងនៅចំណុចផ្លូវ ៥០ម៉ែត្រ ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តាមរយ:អាជីវករទិញ-លក់ដី និងបានទំនាក់ទំនងគ្នាជាមួយម្ចាស់ដីតាមរយ:ទូរសព្ទ លុះនិយាយចរចារត្រូវតម្លៃគ្នា ជនរងគ្រោះបានណាត់ម្ចាស់ដីឲ្យឡើងមកប៉ោយប៉ែត ដើម្បីនិយាយលំអិតអំពីការទិញ-លក់ដីខាងលើ តែជនសង្ស័យបានណាត់ជនរងគ្រោះឲ្យទៅជួបនៅខេត្តសៀមរាបវិញ ។ លុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានឡើងទៅខេត្តសៀមរាបដើម្បីជួបជាមួយម្ចាស់ដី ពេលទៅជួបចរចារ ពិនិត្យឯកសារទីតាំងដី និងមានលិខិតបញ្ជាក់ពីប្រវត្តិដី ឃើញមានភាពរលូនហើយ ក៏បានឯកភាពធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ និងបានប្រគល់ប្រាក់កក់ចំនួន ៥០,០០០ដុល្លា (ប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក) ទៅឲ្យជនសង្ស័យទាំង ០២នាក់ខាងលើ រួមទាំងមានសាក្សីដឹងឮចំនួន២នាក់ថែមទៀត ។ លុះដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានចុះទៅពិនិត្យទីតាំងដី ក៏បានដំណឹងថាដីនោះមានបញ្ហាវិវាទមិនទាន់ដោះស្រាយនៅឡើយទេ ទើបជនរងគ្រោះបានទូរសព្ទហៅជនសង្ស័យទាំង ០២នាក់ខាងលើ មកជួបដើម្បីទាមទារប្រាក់កក់មកវិញ តែជនសង្ស័យមិនបានប្រគល់ប្រាក់កក់ទាំងនោះមកឲ្យខ្លួនវិញទេ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យទាំង២នាក់ខាងលើ បានសារភាពថា ៖ ខ្លួនពិតជាបានទទួលប្រាក់កក់ ចំនួន ៥០,០០០ដុល្លារ ពីជបរងគ្រោះពិតប្រាកដមែន តែប្រាក់ទាំងនោះខ្លួនបានបែងចែកគ្នាអស់ទៅហើយ ពុំមានប្រាក់សងជនរងគ្រោះវិញទេ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសាក្សី យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ឆបោក និងក្លែងបន្លំឯកសារ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់