ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័របុកម៉ូតូ ស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់!

ព្រៃវែង: កាលពីវេលាម៉ោង៧និង៥០នាទី ថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់​រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ នៅ​លើផ្លូវជាតិលេខ​១ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ ភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង​។

រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE-0780 (អ្នកបើក​គេចខ្លួនបាត់) បើកបរ​ពីលិចទៅកើត ស្របទិសគ្នាជាមួយនិងម៉ូតូ លុះមកដល់កន្លែងកើតហេតុក៏បុកម៉ូតូពីក្រោយ​ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CF-1750 ជិះដោយឈ្មោះ ឡុង ទិត ភេទប្រុស អាយុ ៣៥ឆ្នាំ និងអ្នករួមដំណើរ៣នាក់ ទី១មានឈ្មោះ ផន វ៉ាន់ ភេទប្រុស អាយុ​៥៨ឆ្នាំ(ស្លាប់នៅនឹងកន្លែង),ទី២ឈ្មោះ ម៉ៃ សារ៉ា ភេទស្រី អាយុ​៥៧ឆ្នាំ,និងទី៣​ឈ្មោះ ឃឹង ជឿ ភេទប្រុស អាយុ​៨ឆ្នាំ អ្នកទាំង៤នាក់ រស់នៅ​ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

​ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរំចេក។ ចំណែកសាកសព​ ត្រូវបានសម្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់