ព័ត៌មានជាតិ

រថយន្តពីរគ្រឿង ពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនិងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង១២ និង៤០រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុច​ស្ដុ​ប ណាន ជី​ង តាម​បណ្ដោយ​ផ្លូវ​លេខ១៦៩ កែង​និង​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ៧មករា។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេល​កើតហេតុគេ​​ឃើញ រថយន្ដ​ស៊េរី​ទំនើប​ម៉ាក ​RangrRover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY- 3663 បើកបរ​ដោយ​បុរស​ម្នាក់ និង​​រួម​ដំណើរ​ដោយនារី​ម្នាក់ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ១៦៨ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ។ លុះមកដល់​ចំណុចកើតហេតុ ​ក៏បានបើក​ឆ្លង​ស្ដុ​ប​ទាំង​មិន​បន្ថយល្បឿន ក៏ត្រូវ​រថយន្ត​​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-6117 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ដូចគ្នា បុក​ចំហៀង​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​RangrRover ក្រឡាប់២ទៅ៣ត្រឡប់​ រង​ការខូចខាត​ធ្ងន់ធ្ងរ ។

ចំណែក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ រង​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ តែ​ករណីនេះ មិន​បណ្ដាល​ឲ្យ​អ្នករងរបួសនោះឡើយ ៕

មតិយោបល់