ព័ត៌មានជាតិ

ចូលលួចរថយន្តគេដល់ផ្ទះ ខណៈម្ចាស់ប្រហែស ចុងក្រោយក៏ជាប់អន្ទាក់របស់សមត្ថកិច្ច

ភ្នំពេញ: កម្លាំង​នគរបាល​ចម្រុះ​ចំនួន​២​ខណ្ឌ មាន​នគរបាល​ប៉ុស្តិ៍ ស្ទឹង​មាន​ជ័យ​ទី​១ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ និង​កម្លាំង​នគរបាល​ចំណុះ​ខណ្ឌដង្កោ បាន​ពង្រាយ​កម្លាំង​ដេញ​ស្ទាក់​តាម​ចាប់ខ្លួនជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​រូបគេធ្វើ​សកម្មភាព​លួច​យក​រថយន្ត​នៅ​ចំណុច​ក្នុងផ្ទះ​លេខ​១៦​អឺ ផ្លូវលំ ក្រុម​ទី​៤ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ហើយ​ព្យាយាម​ជិះ​រត់គេច​ ​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៨​។

ជនសង្ស័យ​ឈ្មោះ ឈៀក ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួលផ្លូវលំ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សេង ស្រស់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​យោធា មាន​ទីលំនៅ​ចំណុច​កើតហេតុ​។

​រថយន្តរបស់ជន​រង​គ្រោះ ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-8904​។

សមត្ថកិច្ចបានឲ្យ​ដឹង​ថា នៅ​ថ្ងៃកើតហេតុ ​ជន​រង​គ្រោះ​ទើបតែ​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ ដោយបាន​បើករថយន្ត​ចូល​ដល់​ក្នុង​របង​ផ្ទះ តែ​មិន​បាន​បិទទ្វារ​របង​ ហើយ​ថែមទាំង​​ទុក​សោ​ឡានជាប់​នឹង​រថយន្តទៀត រួចលើក​ឥវ៉ាន់​ចូល​ទៅ​ក្នុងផ្ទះ​។

ភ្លាម​ៗ​នោះ​ជនសង្ស័យ​ឃើញឱកាសល្អ ក៏បាន​ចូល​មក​លប​ៗ ហើយ​បើកទ្វារ​រថយន្ត​ចូល​ទៅ​ខាងក្នុង រួច​កាច់​សោ​បញ្ឆេះ​រថយន្ត​បើក​ថយក្រោយ​ចេញពីផ្ទះ​ជន​រង​គ្រោះ ដើម្បីបើក​រត់។ តែជនរងគ្រោះ ក៏បាន​ឡើង​ជិះ​ម៉ូតូ ដេញ​តាម​ពីក្រោយ​រថយន្ត ព្រមទាំងបាន​ទូរស័ព្ទ​ផ្តល់​ដំណឹង​ទៅ​កាន់ នគរបាល​ប៉ុស្តិ៍ ស្ទឹង​មាន​ជ័យ​ទី​១ ​ជួយ​អន្តរាគមន៍ និងដេញចាប់ជនសង្ស័យ​​។

ក្រោយ​ឃាត់ខ្លួនបាន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កណ្តាលស្ទឹង ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឆ្នាំ​ដដែល កម្លាំង​អាវុធហត្ថ​សម្រេច​ប្រគល់​ទាំង​ជនសង្ស័យ រួម​ជាមួយ​រថយន្ត​ទៅ​ឲ្យ​នគរបាល ខណ្ឌមានជ័យ​វិញ ដើម្បីកសាងសំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

មតិយោបល់