ព័ត៌មានជាតិ

សិស្សវិទ្យាល័យទួលទំពូង និងសិស្សវិទ្យាល័យជាស៊ីមសាមគ្គី ឆក់កាបូបស្រីស្អាតម្នាក់ ជាប់ខ្នោះទាំង២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីឆក់កាបូប ពីនារីម្នាក់ដែលជិះកង់បីឥណ្ឌាមិនបានសម្រេច បណ្តាលឲ្យក្រឡាប់កង់បីរងរបួសនារីរងគ្រោះរលាត់ដៃជើង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង១១យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ វណ្ណ វិសាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្សសាលាវិទ្យាល័យទួលទំពូងថ្នាក់ទី១០ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ជាអ្នកឌុប ។ ជនសង្ស័យទី២មានឈ្មោះ សុខ ណៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលាវិទ្យាល័យសាមគ្គីជាស៊ីម ថ្នាក់ទី១១ រស់នៅជិតផ្សារសំណង់១២ ស្រុកកំណើតនៅខេត្តមណ្ឌលគិរី ជាអ្នកឆក់អង្គុយខាងក្រោយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងគេឃើញ បុរសម្នាក់បើកកង់បីឥណ្ឌារួមដំណើរជាមួយស្ត្រីម្នាក់ជិះក្នុងកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HA-2128 បើកបរពីជើងមកត្បូងតាមបណ្តោយផ្លូវម៉ៅសេទុង ខណ:មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HE-1097 តាមមកពីក្រោយស្របទិស គ្នាមកដល់ទន្ទឹមក៏ធ្វើសកម្មភាពឆក់កាបូបពីនារីដែលជិះលើកង់បីឥណ្ឌាទាញទៅទាញមកបណ្ដាលឲ្យក្រឡាប់កង់បីឥណ្ឌានិងដួលម៉ូតូពេលនោះជនសង្ស័យទាំង ២នាក់បានរត់ចេញពីកន្លែងកើតហេតុបានប្រហែល ២០០ម៉ែត្រ ត្រូវបាន ប្រជាពលរដ្ឋយើងដេញតាមចាប់បានស្វាគមន៍មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង យកទៅសួរនាំនៅប៉ុស្ដិ៍ផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានយកវត្ថុតាង និងនារីរងគ្រោះឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីដាក់ទោសទណ្ឌជនសង្ស័យទៅតាមផ្លូវច្បាប់៕

មតិយោបល់