ព័ត៌មានជាតិ

​បុរសម្នាក់ ជិះម៉ូតូលឿនដូចហោះ ទៅបុកម៉ូតូម្តាយកូន២នាក់ ស្លាប់នៅនឹងកន្លែងនិងរបួសធ្ងន់!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់ នៅ​លើផ្លូវលេខ១៤៤០ ភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅមុនពេលកើតហេតុ គេឃើញមាន​ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-9282 ជិះដោយឈ្មោះ ឆិល សុផា ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់) រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្ក ខេត្តកំពង់ស្ពឺ ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមក​ដល់កន្លែងកើតហេតុ បានវ៉ាប្រជែង ជ្រុលទៅបុកម៉ូតូ​ម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1V-8300 ជិះដោយឈ្មោះ យ៉ែម ស៊ីណា ភេទស្រី អាយុ៤៨ឆ្នាំ(របួសធ្ងន់) មានឌុបកូនស្រីម្នាក់ឈ្មោះ ណៃ ប៊ូង៉ា អាយុ២០ឆ្នាំ(របួសធ្ងន់) អ្នកទាំង២នាក់ រស់នៅភូមិអង្គបាន ឃុំយុទ្ធសាម្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរស្របទិសគ្នា
បណ្តាលឲ្យបុកម៉ូតូដែលជិះ២នាក់ម្ដាយនិងកូននោះចំពាក់កណ្តាលម៉ូតូតែម្ដង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូទាំង២គ្រឿងមករក្សាទុកនៅផ្នែកចរាចរណ៍ជើងគោក​នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ រង់ចាំដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់