ព័ត៌មានជាតិ

រថយន្តឡិចស៊ីសRX300 ពន្លះម៉ូតូសង់ ស្លាប់នារី២នាក់យ៉ាងរន្ធត់នៅលើផ្លូវជាតិលេខ៣

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស ជាមួយនិងម៉ូតូបណ្តាលឲ្យមនុស្សស្រី២នាក់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិបឹង ឃុំបឹងនិមល ​ស្រុកឈូក ចន្លោះគីឡូលេខ១១៣-១១៤។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទី១មានឈ្មោះ សេង​ ស្រីនិច អាយុ១៩ឆ្នាំ​ រស់នៅភូមិត្រពាំងផ្តៅ ​ឃុំត្រពាំងភ្លាំង ស្រុកឈូក​ បើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ​ ស្លាកលេខ កំពត 1N-4365 បានស្លាប់នៅកន្លែងកើតហេតុ , និងទី២អ្នករួមដំណើរ​ឈ្មោះ​ ឡឹង ស្រីលាភ​ អាយុ១៥ឆ្នាំ​​​ រស់នៅភូមិឃុំជាមួយគ្នា​ ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត​មិនស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនបាត់ ដោយយករថយន្តមកទុកនៅមុខផ្សារឈូក ជាប្រភេទរថយន្តបង្កម៉ាក LEXUS RX300 ពណ៌ស្ករ គ្មានស្លាកលេខ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង នាំយកវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឈូក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់