Post News Media ព័ត៌មានជាតិ ស្ត្រីមេម៉ាយម...

ស្ត្រីមេម៉ាយម្នាក់មានជំងឺប្រចាំកាយ បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែត្រូវជនជាតិកូរ៉េឃាត់ទាន់

ភ្នំពេញ: ស្ត្រីមេមាយម្នាក់ បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ដោយបម្រុងនឹងលោត ក៏ត្រូវបានជនជាតិកូរ៉េ និងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ នាំគ្នាជួយឃាត់ទាន់។

ករណីធ្វើអត្តឃាតខ្លួនឯងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង ៣០នាទី រសៀលថ្ងៃទី ១៣ខែតុលា ឆ្នាំ ២០១៨ នៅលើស្ពានជ្រោយចង្វារថ្មី ស្ថិតនៅក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ស្ត្រីខាងលើមានឈ្មោះ យិម អឿន អាយុ៤២ ឆ្នាំមានលំនៅសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា ។

តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រី រូបនោះ បានធ្វើដំណើរតាមម៉ូតូឌុប
ឡើងស្ពាន ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកណ្តាលស្ពាន ស្រាប់តែស្ត្រីរូបនោះ តោងបង្កាន់ដៃស្ពានប្រុងលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួន ខណ:នោះជនជាតិកូរ៉េ រួមទាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារ ឃើញក៏បាននាំគ្នា ឃាត់ទាន់ រួចបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខ នគរបាលស្ត្រីរូបនោះ បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យខ្លួនគិតខ្លី ដោយសារតែមានជំងឺប្រចាំកាយ។ ស្ត្រីរូបនោះ បានឲ្យដឹងទាំងទឹកភ្នែកថា នាងជាស្ត្រីមេម៉ាយ យូរឆ្នាំមកហើយមានកូនចំនួន ៣នាក់ ស្រីម្នាក់ ប្រុស២នាក់ ហើយគាត់មានជំងឺរយ:ពេលប្រមាណ៤ទៅ៥ខែហើយ គាត់បានធ្លាក់ខ្លួនឈឺជំងឺបេះដូងរីក ហើយត្រូវបានក្រុមគ្រួសារ កូន នាំទៅព្យាបាល មិនបានធូរស្រាលសោះ ។ ដោយសារតែព្យាបាលអស់ប្រាក់ នាំលំបាក់ដល់កូន ក៏បានគិតខ្លី ហៅឌុបជិះមកលោតទឹកសម្លាប់ខ្លួន តែម្តង ។ បន្ទាប់ពីនាំទៅសាកសួរនគរបាល បានអប់រំនិងបានទាក់ទងហៅកូនឲ្យមកនាំយកត្រឡប់ទៅផ្ទះវិញ៕

Loading...