Post News Media ព័ត៌មានជាតិ ចោរវ័យក្មេង! ...

ចោរវ័យក្មេង! ចេញ​លួចលើកដំបូង ម្ចាស់គេទាន់ជាប់ខ្នោះ..!

បន្ទាយមានជ័យ: កាលពី​​វេលាម៉ោង​២​និង​៥០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្លូវដើមពុទ្រ្ទា ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ិន សុភាព ភេទ ប្រុស អាយុ​៤៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូហ្គោលដិន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ ទេព វីរ: ភេទ​ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត​។

តាមការបំភ្លឺរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា ៖ នៅវេលាម៉ោង​២ និង ៤០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានជិះម៉ូតូមកពីកន្លែងធ្វើការត្រឡប់មកបន្ទប់ស្នាក់នៅវិញ ដល់ចំណុចស្តង់ភ្លើងអានកូ បានឃើញជនសង្ស័យខាងលើបណ្តើរម៉ូតូម៉ាក MSX ពណ៌ស (ដូចម៉ូតូរបស់ខ្លួន) តែមិនបានចាប់អារម្មណ៍ លុះខ្លួនបានទៅដល់បន្ទប់ស្នាក់នៅក៏បាត់ម៉ូតូរបស់ខ្លួន ក៏ជិះតាមជនសង្ស័យទៅពិនិត្យមើលម៉ូតូដែលជនសង្ស័យបណ្តើរយកទៅ ទើបដឹងច្បាស់ថាជាម៉ូតូរបស់ខ្លួន ក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​។

ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ៖ ខ្លួនពិតជាបានលួចម៉ូតូរបស់ជនសង្ស័យខាងលើពិតប្រាកដមែន ពេលដែលខ្លួនកំពុងបណ្តើរម៉ូតូយកទៅធ្វើសោរ ស្រាប់តែជួបជនរងគ្រោះដែលជាម្ចាស់ម៉ូតូតែម្តង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

Loading...