ព័ត៌មានជាតិ

អាសូរណាស់! រថយន្តនីសាន់ ពន្លះម៉ូតូមួយគ្រឿង កិនស្ត្រីស្លាប់ម្នាក់យ៉ាងរន្ធត់..

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង និង២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកនីសាន់ ប្រភេទបែន ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-1583 បើកបរដោយឈ្មោះខាន់ គឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបើករថយន្តដឹកថ្ម ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏មានរថយន្តបែន ដឹកថ្ម ពណ៌ស ១គ្រឿង (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនិងស្លាកលេខ) បានបើកបុកជាមួយម៉ូតូម៉ាកហុងដា សេ៩០ ពណ៌ទឹកប៊ិច ប្រភេទគុបមូល ពាក់ស្លាកលេខ កណ្ដាល1K-2081 បើកបរដោយឈ្មោះ ប៉ាង បាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ (មិនពាក់មួក)មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះខាត់ មឿន ភេទស្រី អាយុ៧២ឆ្នាំ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ)មានទីលំនៅភូមិ-ឃុំជាមួយគ្នា ដែលកំពុងបើកម៉ូតូស្របទិសគ្នាពីមុខរថយន្ត ក្នុងទិសដៅពីលិចមកកើត បណ្ដាលឲ្យដួលម៉ូតូ ហើយត្រូវរថយន្តបែន ពណ៌ខៀវ ខាងលើកិនឈ្មោះខាន់ មឿន ចំមួយកំណាត់ខ្លួនមកក្រោម បណ្ដាលឲ្យដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបានជ្រុលទៅបុករថយន្តបែន ពណ៌ស ខាងមុខបណ្ដាលឲ្យគៀបអ្នកបើកបរជាប់នៅក្នុងរថយន្តលែងទៅណារួច។ រីឯរថយន្តបែន ពណ៌ស បានបើកគេចខ្លួនបាត់តែម្ដង។

បន្ទាប់ពីពិនិត្យនិងវាស់វែងទីកន្លែងកើតហេតុរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តបែន ពណ៌ខៀវ ត្រូវបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី ឲ្យឃាត់ខ្លួននិងដាក់ឲ្យព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្អាង ជាបណ្ដោះអាសន្នសិន។

ក្នុងនោះដែរ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

មតិយោបល់