ព័ត៌មានជាតិ

ថយគោយន្តកន្រ្តៃមិនប្រយ័ត្ន ក៏គៀបជាប់និងដើមដូង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ព្រៃវែង: បុរសវ័យចំណាស់ម្នាក់ បើកគោយន្តកន្ត្រៃថយក្រោយមិនប្រយ័ត្ន បណ្ដាលឲ្យរុញផ្ទប់គៀបជាប់នឹងដើមដូងស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចដីទួលខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រហែល ៥ម៉ែត្រ ស្ថិតនៅភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក។

ជនរងគ្រោះឈ្មោះណូយ សុង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានបញ្ឆេះគោយន្តកន្រ្តៃ ដែលទុកនៅលើដីទួលក្រោយផ្ទះ ក្នុងគោលបំណងយកទៅរាស់ដីប្រាំង ដោយជនរងគ្រោះ បានដាក់លេខគោយន្តកន្រ្តៃរយ៉ែថយក្រោយ ស្រាប់តែផ្ទប់ជនរងគ្រោះ ទៅនិងដើមដូង គៀបជាប់ស្លាប់នៅកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យសព សន្និដ្ឋានថា ពិតជាស្លាប់ដោយសាររយ៉ែគោយន្តកន្រ្តៃថយក្រោយ គៀបជាប់ទៅនិងដើមដូងពិតប្រាកដមែន ទើបប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់