ព័ត៌មានជាតិ

ប្រហែសបាត់ ប្រយ័ត្នគង់! ឃាត់ខ្លួនជនសង្ស័យក្រោយធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ: នៅម៉ោង២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ដែលជាប់ពាក់ព័ន្ធករណីលួច​ម៉ូតូ។

ជនសង្ស័យ​មានឈ្មោះ ចាន់ណា វិរ:ឆៃ ភេទប្រុស អាយុ​៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូ​១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GQ-1987 ជារបស់ជនរងគ្រោះឈ្មោះ អ៊ុត សុខចាន់ ភេទប្រុស អាយុ១៨ឆ្នាំ ដែលចតទុកនៅមុខផ្ទះហើយពុំបានដកសោចេញពីម៉ូតូនោះទេ បន្ទាប់មកជនរងគ្រោះបានដើរចូលក្នុងផ្ទះរបស់ខ្លួនបាត់ទៅ។ លុះប្រហែល៥នាទីក្រោយមក ស្រាប់តែមានជនសង្ស័យ ខាងលើ បានឆ្លៀតឱកាស ចូលលួចយកម៉ូតូ របស់ជនរងគ្រោះ តែសំណាងមិនល្អត្រូវបានជនរងគ្រោះឃើញបានស្ទុះមកប្រតាយប្រតប់ជាមួយជនសង្ស័យ ហើយស្រែកឆោរឡោលឺដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ដែលកំពុងល្បាតឃើញ បានចុះមកឃាត់ខ្លួនភ្លាមៗតែម្តង។
ករណីនេះកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៧និង១០នាទីព្រឹក នៅចំណុច មុខផ្ទះលេខ៣១៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុ រូបគេបានទៅយកលុយពីការដាក់បញ្ចាំទូរស័ព្ទនៅម្តុំផ្សារឃ្លាំងរំសេវ តែយកមិនទាន់បានក៏ដើរត្រលប់មកផ្ទះវិញ លុះពេលដើរដល់ចំណុចកើតហេតុខាងលើ បានឃើញម៉ូតូ​១គ្រឿង ចតទុកមុខផ្ទះដោយពុំឃើញមានម្ចាស់ ហើយមានសោនៅជាប់និងម៉ូតូផង ភ្លាមនោះ រូបគេបានឆ្លៀតឱកាស ចូលទៅលួចយក តែត្រូវបានជនរងគ្រោះឃើញ បានស្ទុះរត់មកចាប់ប្រតាយប្រតប់ជាមួយខ្លួន និងស្រែកឆោរឡោ ដឹងដល់សមត្ថកិច្ចអាវុធហត្ថចុះមកធ្វើការឃាត់ខ្លួនភ្លាមៗផងដែរ៕

មតិយោបល់