Post News Media ព័ត៌មានជាតិ ខ្លាំងមែន! បើ...

ខ្លាំងមែន! បើករថយន្តបុកគេហើយបើករត់ សមត្ថកិច្ចដេញចាប់បានលោតមកវាយសមត្ថកិច្ច និងអ្នកសារព័ត៌មានទៀត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកបើករថយន្តឡិចស៊ីស LX-460L មួយគ្រឿងជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម្ចាស់ចតស្ងៀម រួចបើករត់ត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានហើយរកវាយសមត្ថកិច្ចនិងលោតមកវាយអ្នកសារព័ត៌មាន តែមិនបង្កឲ្យមានរបួសស្នាម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងកាហ្វេ មួយកន្លែង ខាងលិចស្តុប២៤ម៉ោងប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ សម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសម្តីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថាមុនកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាក HILUX-VEVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6748 មកឈប់នៅចំណុចកើតហេតុខាងលើទិសដៅពីលិចទៅកើត ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសLX-460L ពណ៌ទឹកប្រាក់គ្មានស្លាកលេខ បើកបរដោយបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់មកពីក្រោយស្របទិសដៅគ្នាមកដល់ចំណុចកើតហេតុខាងលើបម្រុងបត់ត្រឡប់ក្រោយដោយបួងចង្កូតមិនផុតជ្រុលទៅបុកចំកាងខាងក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យកំពិតតិចតួច បន្ទាប់មករថយន្តបង្កមិនឈប់ដោះស្រាយគ្នានោះទេបែរជាបើករត់មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង (យីហោ អ៊ីប៉ូល ) ដែលមានទីតាំងនៅផ្លូវបេតុលេខ៩៩ខាងត្បូងសួនកម្សាន្តចំការព្រីង ប្រមាណជា៥០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់បានមកវិញស្រាប់តែម្ចាស់រថយន្តបង្កចេញពីរថយន្តមកបាន ស្រែកឡូឡាឆោឡោលផ្អើលអស់អ្នកជិតខាងនិងលោតមកវាយសមត្ថកិច្ចនិងអ្នកសារព័ត៌មានដែលចុះទៅផ្តិតយករូបភាពបណ្តាលរត់ចែកជើងគ្នាតែមិនបង្កឲ្យមានរបួសស្នាមរួចមកសមត្ថកិច្ចការឃាត់ខ្លួនភ្លាមៗ។ ខណ:នោះគេឃើញមានយុវជនម្នាក់ ដោះអាវមិនដឹងជាមកពីខាងណា រឺមួយក៏ជាបក្ខពួកជនបង្កគ្រោះថ្នាក់នោះទេ បានមករករឿងនិងសមត្ថកិច្ចបម្រុងតដៃទៀតផង។

ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្តនិងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...