Post News Media ព័ត៌មានជាតិ សត្វស្លាបចំនួ...

សត្វស្លាបចំនួន​១០ប្រភេទ ចំនួន​ ៦៨៦ក្បាល ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងដុតបំផ្លាញចោល

បាត់ដំបង: នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៨ អនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការន​គរបាលស្រុក បានចាត់តាំងកងកម្លាំងនគរបាលចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ​សង្កាត់​រដ្ឋ​បាលព្រៃឈើខេត្តបាត់ដំបង មន្ត្រីរដ្ឋបាលស្រុកសង្កែ កងរាជអាវុធហត្ថស្រុកសង្កែ​ ចុះធ្វើការបង្រ្កាបករណី ធ្វើអាជីវកម្មសត្វស្លាបដ៏កម្រនៅក្នុងភូមិសាស្រ្ត ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងនោះ សមត្ថកិច្ចបានធ្វើការឃាត់អ្នកធ្វើអាជីវកម្មបានចំនួន៧នាក់​ ព្រមទាំងដកហូតបានសត្វស្លាបដ៏កម្រនេះចំនួន១០ប្រភេទដែលត្រូវបានគេសម្លាប់រួចហើយ​សរុបចំនួន ៦៨៦ក្បាល ។

ក្រោយពេលធ្វើការ​សាកសួរស្រាវជ្រាវដោយមន្ត្រីជំនាញ សត្វ​ស្លាបទាំងនេះ ត្រូវបានដុតកម្ទេចចោល ហើយអ្នកប្រព្រឹត្តិត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕

Loading...