ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើកលឿនជ្រុលទៅកៀរម៉ូតូ២គ្រឿង​ រថយន្តមួយគ្រឿង និងតូបលក់ដូរ រងការខូចខាត

ភ្នំពេញ: រថយន្តធន់ធំមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន លឿនជ្រុលទៅកៀរម៉ូតូ២គ្រឿង រថយន្តមួយគ្រឿង ជាបន្តបន្ទាប់ ហើយបន្តទៅកៀរតូបអ្នកលក់ដូរបន្ថែមទៀត ទើបទៅមុខលែងរួច កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តាមផ្លូវទំនប់កប់ស្រូវ ភូមិខ្លែងតាអែ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ទ្រុង ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2016 បើកបរដោយបុរសម្នាក់ (រងរបួសជើងធ្ងន់ ) រថយន្តខាងលើ បើតាមបណ្តោយផ្លូវទំនប់កប់ស្រូវពីត្បូងទៅជើង ល្បឿនលឿន លុះដល់ចំណុចខាងលើ បុកកៀរម៉ូតូ២គ្រឿង សេ១២៥មួយគ្រឿង និងម៉ាកស្មាស់មួយគ្រឿងបើកស្របទិស ហើយរថយន្តបង្ក បន្តទៅកៀររថយន្ត ម៉ាកហាយឡែនឌ័រ មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5238 បើកស្របទិស បណ្តាលឲ្យដាច់រយះក្រពឹតអស់មួយចំហៀង រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿន រេចង្កូតទៅខាងស្តាំ ធ្លាក់ផ្លូវ បន្តទៅបុកកៀរតូបលក់ដូរ និងរ៉ឺម៉ក នៅបញ្ឈរចោលបន្តែមទៀត ធ្វើឲ្យរថយន្តរួញកាប៊ីន គាបជាប់ជើងអ្នកបើករថយន្តបង្ក បណ្តាលឲ្យរងរបួស ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបាន សមត្ថកិច្ច ប្រជាពលរដ្ឋជួយគាស់ទាញ យកចេញ ដើម្បីដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីអ្នកបើកបររថយន្តបង្ករងរបួសទៅពេទ្យ ករណីខាងលើត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ រាល់ការប៉ះពាល់ ខូចខាយ ទ្រព្យសម្បត្តិអ្នកដទៃ រួចយករថយន្ត ម៉ូតូ ពាក់ព័ន្ធទៅរក្សាទុកនៅផ្នែកជំនាញជាបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ​៕

មតិយោបល់