Post News Media ព័ត៌មានជាតិ ​​សមត្ថកិច្ចច...

​​សមត្ថកិច្ចចុះត្រួតពិនិត្យ​ស្ថានីយ​ប្រេងឥន្ធន:​ រកឃើញ៣ទីតាំងមិន​អនុលោមភាព គុណភាព​និង​បរិមាណ!

ស្វាយរៀង: ​យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធន:​ បានចុះធ្វើការត្រួតពិនិត្យគុណភាព​ បរិមាណ​ និង​ថ្លៃលក់រាយប្រេងឥន្ធន:​ នៅតាមបណ្តាស្ថានីយ/ដេប៉ូ​ នៅខេត្តស្វាយរៀង បានចំនួន​៨ទីតាំង។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង និងត្រួតពិនិត្យ រង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូលក់ប្រេងផងដែរ។

​ជាលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចំនួន: ០៣ ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព និង បរិមាណ, ០១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ (មិនគ្រប់លីត្រ) និង ០១ ទីតាំងទៀតមិនមានអនុលោមភាពផ្នែកគុណភាព ចំណែក ០៣ ទីតាំងទៀតមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។

​ចំពោះថ្លៃលក់រាយ​ ស្ថានីយ/ដេប៉ូទាំង ០៨ ទីតាំង បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

មន្ត្រីកាំកុងត្រូលបានណែនាំ និងឱ្យម្ចាស់ស្ថានីយ​ និងដេប៉ូដែលត្រូវបាន​ រកឃើញមានភាពមិនអនុលោមខាងលើ​ ធ្វើកិច្ចសន្យាកែតម្រូវឡើងវិញ​ ។ នៅពេលដែលមន្ត្រីជំនាញរកឃើញ​ កំហុសជាលើកទី​២​ ស្ថានីយទាំងនោះ​ នឹងត្រូវបានផ្សព្វផ្សាយឈ្មោះ​ និងទីតាំងរបស់ស្ថានីយ​ ឬដេប៉ូ​ តាមប្រព័ន្ធផ្សព្វផ្សាយនានា​ ឬស្នើសុំផ្អាកអាជីវកម្មជាបណ្តោះអាសន្ន​ បើនៅតែមិនរាងចាល​ នឹងប្រឈមនឹងការកសាងសំណុំរឿងទៅតុលាការ​ ដើម្បីចាត់ចែងតាមនីតិវិធី​ ៕

Loading...