Post News Media ព័ត៌មានជាតិ ជាងភ្លើងឡាន ឡ...

ជាងភ្លើងឡាន ឡើងទៅតចរន្តអគ្គិសនី ក៏ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: បុរសម្នាក់ជាជាងជួសជុលរថយន្តប្រចាំក្រុមហ៊ុនម្នាក់ ឡើងទៅជួសជុលចរន្តអគ្គិសនី ដោយសារអំពូលភ្លើងហ្វា បានដាច់ខូច តែជាអកុសល ដោយសារការធ្វេសប្រហេស ក៏ត្រូវខ្សែភ្លើងឆក់ធ្លាក់ស្លាប់ទៅវិញ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនមួយកន្លែង អត់មានដាក់ស្លាកយ៉ីហោ នៅតាមផ្លូវទំនប់កប់ស្រូវ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ គួយ មនោ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ផ្នែកខាងប្រព័ន្ធភ្លើង នៅក្រុមហ៊ុនខាងលើ មានស្រុកកំណើតនៅផ្ទះលេខ៥៧ ភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមបុគ្គលិកជាងរួមការងារ ជាមួយគ្នា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ឃើញអំពូលភ្លើងហ្វា នៅកន្លែងក្រុមហ៊ុនដាច់រលត់ខូច ទើបជនរងគ្រោះបានឡើងទៅមើល បំណងជួសជុល ដើម្បីឲ្យភ្លើងភ្លឺឡើងវិញ តែមិនដឹងថា ជនរងគ្រោះ លូកដៃទៅប៉ះចំខ្សែភ្លើង ឬយ៉ាងណា ទើបបានជាឆក់ធ្លាក់មកដី រងរបួសធ្ងន់ សន្លប់ស្តូក ។

ប្រភពបន្តទៀតថា ពេលដែលជនរងគ្រោះឡើងទៅជួសជុលអំពូលភ្លើងហ្វានោះតែម្នាក់ឯង លុះដល់ឆក់ធ្លាក់ហើយ ទើបនាំគ្នាឆោឡោ ដឹកជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីពេទ្យ តែគួរឲ្យសោកស្តាយជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបនាំគ្នាដឹកសពយកទៅ កន្លែងក្រុមហ៊ុនវិញ រាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យមើល ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតមែន រួចក៏ប្រគល់ជូនខាងក្រុមហ៊ុន សហការជាមួយក្រុមគ្រួសារនៃសព ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...