ព័ត៌មានជាតិ

យុវជនម្នាក់ ទៅរកត្រី ទាក់អាវជាមួយម៉ាស៊ីនរុំទាញធ្លាក់ទឹក ស្លាប់គ្មានអ្នកណាជួយសង្គ្រោះទាន់

កណ្តាល: មានករណីប្រទះឃើញសពបុរសម្នាក់ បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង៨និង២០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងទន្លេបាសាក់ ភូមិឬស្សីស្រុក ឃុំខ្ពប​ ស្រុកស្អាង ខេត្តកណ្តាល។

សពយុវជនខាងលើមានឈ្មោះ ទូច ណាវីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស។

មុនពេលកើតហេតុ ឈ្មោះ ទូច ណាវីន បានចេញទូកទៅរាយមងជាមួយប្អូនប្រុស ឈ្មោះ ទូច ដាវីត ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ពេលមកដល់ចំណុចភូមិឬស្សីស្រុក ក៏ចេញទូកពីច្រាំងចម្ងាយប្រហែល៣០ម៉ែត្រ ស្រាប់តែអាវរបស់ជនរងគ្រោះរំជាមួយម៉ាស៊ីន ក៏ធ្លាក់មនុស្សនិងម៉ាស៊ីនទៅជាមួយគ្នាតែម្តង។ ហើយឈ្មោះ ទូច ដាវីត បានហែលចូលច្រាំងដើម្បីឲ្យអ្នកជិតខាងជួយបងប្រុសរបស់ខ្លួន
ពេលនោះក្រុមគ្រួសារក៏បានជួលចាមរាវរករយ:ពេលប្រហែល៣ម៉ោងទើបរកឃើញសពជនរងគ្រោះ។

ក្រោយមកសមត្ថកិច្ចជំនាញពិនិត្យហេតុស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ក្រោយសមត្ថកិច្ចបានពិនិត្យសពជនរងគ្រោះបានឲ្យដឹងថា ពិតជាបានស្លាប់ដោយសារលង់ទឹកពិតមែន និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់