ព័ត៌មានជាតិ

សមត្ថកិច្ច​រកឃើញ ប្រហិតត្រីឆ្លាត មាន​សារធាតុគីមីហាមឃាត់​បូរ៉ាក់ នៅផ្សារជម្ពូវ័ន

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨
មន្ត្រីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានកិច្ចសហការពី មន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល រថយន្តពិសោធន៍ចល័ត មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មន្រី្តមន្ទីរពាណិជ្ជកម្ម និងគណ:កម្មការផ្សារជម្ពូវ័ន បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារជម្ពូវ័ន។

ដោយបានអប់រំ ផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការប្រឈមនឹងមុខច្បាប់ ដល់អាជីវករ ដែលបាននាំយក និងទទួលមកដាក់លក់ នូវរាល់មុខទំនិញដែលគ្មានគុណភាព និងគ្មានប្រភពច្បាស់លាស់ ជាដើម។

មន្ត្រីយើងបានយកគំរូ ផលិតផល ម្ហូបអាហារ ចំនួន ២០ គំរូ ដូចជា ៖ ផលិតផលគ្រឿងសមុទ្រ, ​ប្រហិតគ្រប់ប្រភេទ, ផ្អកម៉ាំ ប្រហុកជាដើម ។ល។
ដើម្បីស្វែងរក សារធាតុគីមីហាមឃាត់ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។

​ជាលទ្ធផលក្រោយពីបានធ្វើការវិភាគបឋមនៅនឹងកន្លែង ដោយមន្ត្រីមន្ទីរពិសោធន៍ និងរថយន្តពិសោធន៍ចល័ត ៖
​បានរកឃើញនៅក្នុងប្រហិតត្រីឆ្លាតមានវត្តមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ចំនួន ២.៥០ គីឡូក្រាម។
មន្ត្រីយើងបានធ្វើការតាមនីតិវិធី ដោយដកហូតយកទៅកម្ទេចចោល និងកំពុងស្រាវជ្រាវបន្តរកប្រភពចែកចាយផងដែរ៕

មតិយោបល់