ព័ត៌មានជាតិ

រថយន្តវីហ្គោបើកលឿនមិនប្រកាន់ស្តាំ បុករថយន្តកែច្នៃនិងជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ​របួសធ្ងន់ស្រាលបុរស៥នាក់!

​កណ្តាល: កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិលេខ៤១ មុខភូមិទូករទេះ ឃុំលំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ដកែច្នៃ និងរថយន្ដវីហ្គោ និងម៉ូតូ បណ្ដាលឲ្យ​បុរស២នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល។​

​​នៅមុនពេលកើតហេតុ ​គេឃើញមានរថយន្ដ​ម៉ាកតូយ៉ូតាវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X0177
(អ្នកបើកបរមិនស្គាល់ឈ្មោះគេចខ្លួន)បានបើកមកពីជើងទៅត្បូងលុះបើកមកដល់ចំណុចកើតរថយន្ដ បានជ្រុលចង្កូតមកឆ្វេងមកបុករថយន្ដកែច្នៃ១គ្រឿងគ្មានស្លាកលេខ អ្នកបើកបរដោយឈ្មោះ វិត ភេទប្រុស អាយុ៣០ឆ្នាំ​ ទីលំនៅភូមិត្រពាំងវែង​ ឃុំជម្ពូវ័ន​ ស្រុកជុំគីរី​ ខេត្តកំពត​ រួមដំណើរ​ដោយ​ឈ្មោះ​ សេង​ ង៉ែត​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ទី២ឈ្មោះ ​យិន​ នួន​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ និងទី៣ឈ្មោះអួង​ ដា​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ បានបើកបរមកពីត្បូងទៅជើង​ ក្នុងទិសដៅបញ្ច្រាសទិសគ្នា​ ហើយរថយន្តកែច្នៃបានខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀត​ ម៉ាកសង់ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កំពត1D-5835 ជិះដោយឈ្មោះ​ ប៊ូ​ ណាត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ទីលំនៅភូមិព្រៃចម្ការ​ ឃុំលំហាច​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ដែលបើកបរស្របទិសដៅជាមួ​យរថយន្តកែច្នៃ​។

សេចក្ដីសនិដ្ឋាន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីអ្នកបើកបររថយន្ដវីហ្គោ​ បើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ ។
ករណីនេះ កម្លាំងជំនាញបានចុះវាស់វែងរួចយកមធ្យោបាយទាំង២មករក្សារទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់