Post News Media ព័ត៌មានជាតិ ចុម! មួយភ្លែត...

ចុម! មួយភ្លែតសោះគ្រោះថ្នាក់ចរាចរណ៍២ករណី ក្នុងពេលតែមួយ នៅក្នុង​ខណ្ឌទួល​គោក​

ភ្នំពេញ: បន្ទាប់ពីមានភ្លៀវមួយមេធំរួចមក​ ក៏មានរថយន្ត២គ្រឿងបើកទៅបុករបាំងថ្មពុះ​ចែក​ទ្រូង​ផ្លូវ​២​កន្លែងខុសគ្នា​ នៅក្នុងពេលតែមួយ​បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី២០​ ខែតុលា​ ឆ្នាំ​២០១៨​។

ដោយករណីទី​១​បានកើតឡើង​នៅត្រង់​ចំណុច​ស្តុប​ ខាងមុខ​ក្លោង​ទ្វារផ្សារទួលគោក​ តាមបណ្ដោយ​ផ្លូវ​លេខ​២៨៩​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​ បង្កឡើងដោយបុរសវ័យចំណាស់ម្នាក់បើកបររថយន្តមួយគ្រឿង​ម៉ាក​ ហ្វត់រ៉េនជ័រ​ ពណ៌​កណ្តុរ​ប្រមេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AJ-0855 ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​លេខ​២៨៩​ ក្នុងទិសដៅពីត្បូង​ទៅជើង​ និងក្នុងល្បឿនយ៉ាងលឿន​។ លុះមកដល់ចំណុចកើតហេតុ​រថយន្តខាងលើ​ក៏បានជ្រុលចង្កូតទៅបុកនិង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​វៀច​អស់២ផ្ទាំង។​ ចំណែកឯ​រថយន្ត​បង្ក​រងការខូចខាតកំពិត​ផ្នែក​ខាង​មុខ​យ៉ាង។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានព្យាយាមរយែររថយន្តថយមកក្រោយបម្រុងបើករត់គេចខ្លួន​ តែដោយសាររថយន្តខាងលើរងការខូចខាតមិនអាចបើកបាន​ អ្នកបើកបររូបនោះក៏​បានទាក់ហៅ​គ្នីគ្នា​ឲ្យមកយក។ ហើយក្រោយក៏មានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក​ MINI COOPER ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AL-8191​ មកដឹកអ្នកបើកបររថយន្តបង្កខាងលើចេញពីកន្លែងកើតហេតុបាត់ស្រមោល​។

ចំណែកឯ​ករណី​ទី​២​ បានកើតឡើង​នៅត្រង់​ចំណុច​ស្តុប​រត្ឋណាស្រីម៉ៅ​ តាមបណ្ដោយ​ផ្លូវ​លេខ​២៨៩​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ខណ្ឌ​ទួល​គោក​។ ដោយមាន​​យុវជនម្នាក់ស្រវឹងជោកជាំបើកបររថយន្តគ្រឿងម៉ាក​ តូយ៉ូតាព្រូស​ ពណ៌ស ​ពាក់ស្លាកលេខ​ ​ភ្នំពេញ ​2AV-0348 ដោយបើកតាមបណ្តោយ​ផ្លូវ​លេខ​២៨៩​ ក្នុងទិសដៅពីត្បូង​ទៅជើង​ និងក្នុងល្បឿនយ៉ាងលឿន​។​ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានរេចង្កូតជ្រុលទៅបុក​ និងក្បាលព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​វៀច​អស់​មួយ​ផ្ទាំង​ ចំណែកឯ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​កំពិត​ថ្ពាល់​និងបែកកង់​ផ្នែកខាងមុខ​ចំហៀង​ខាងឆ្វេង។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​ខាង​លើ​បានព្យាយាមបើករត់គេចខ្លួនទាំងបែកកង់ទៅខាងមុខបន្តទៀត​ ហើយខណ:ពេលដែលបើករត់គេចបានប្រមាណ៥០០ម៉ែត្រ​ពីកន្លែង​កើតហេតុ​។ ស្រាប់តែកង់មុខរបស់រថយន្ត​បង្ក​ដែលបែកនោះ​ បានដាច់ក្រឡេចេញមកខាងក្រោយ​ ធ្វើឲ្យរថយន្តបង្កបើកទៅមុខលែងរួច​ បន្ទាប់មកអ្នកបើកបររថយន្ត​បង្កខាងលើ​ក៏បានចុះពីលើរថយន្តរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល​ បន្សល់ទុកតែរថយន្តដែល​រង​ការ​ខូចខាត​នៅនិង​កន្លែង​កើត​ហេតុ​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​បង្ក​ទាំង២គ្រឿង​ខាង​លើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បានចុះ​មក​ធ្វើការ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

Loading...