ព័ត៌មានជាតិ

រថយន្តព្រុស ហោះបុកទ្រូងផ្លូវបាក់ប្រេះអស់២កង់ ផ្ទុះពោងទៅមុខលែងរួច

ភ្នំពេញ: រថយន្តតាក់ស៊ីព្រុស មួយគ្រឿង អ្នកបើកបរស្រវឹងក្លិនស្រា បើកបោះពួយល្បឿនលឿនជ្រុលរេចង្កូតទៅបុកទ្រូងផ្លូវ បណ្តាលឲ្យប៉ើងបាក់និងប្រេះចំនួន២កង់ ខ្ទេចមុខ ផ្ទុះពោងសុវត្ថិភាព ទៅមុខលែងរួច តែមិនបង្កឲ្យរងរបួសដល់មនុស្សឡើយ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចជាប់ភ្លើងស្តុបថ្មីមុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក ព្រុស ជារថយន្តតាក់ស៊ី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AR-3173 បើកបរដោយបុរសម្នាក់ មិនហ៊ានប្រាប់ឲ្យស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាអ្នករត់តាក់ស៊ីដឹកភ្ញៀវក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ។

តាមសម្តីអ្នកបើកបរ បានឲ្យដឹងទាំងអាការ:ស្រវឹងក្លិនស្រា ថា បន្ទាប់ពីដឹកភ្ញៀវ ចូលព្រលានហើយ គាត់ជួបជុំគ្នាជាមួយមិត្តភក្តិរួមអាជីព ឆ្លៀតផឹកស៊ីបន្តិចបន្តួច ហើយមុនកើតហេតុ រថយន្តបើកបំណងវិលទៅផ្ទះ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិច មកដល់ចំណុចខាងលើ ងោកមួយភាំងដឹងខ្លួនបុករបាំងថ្មប្រ៉ាវបាត់ទៅហើយ ។

តាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកល្បឿនលឿន ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រេទៅបុករបាំងថ្មទ្រូងផ្លូវ បណ្តាលឲ្យប៉ើង១កង់ បាក់ប្រេះចំនួន២កង់ រថយន្តខ្ទេចមុខ ផ្ទុះពោងសុវត្ថិភាព ទៅមុខលែងរួច តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រាយការណ៍ទៅជំនាញ ចុះពិនិត្យផ្ទាល់ រួចស្ទូចរថយន្តបង្ក និងអ្នកបើកបរផងបានឃាត់ខ្លួន ប្រគល់ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់