Post News Media ព័ត៌មានជាតិ កូនប្រសារផឹក​...

កូនប្រសារផឹក​​ស្រវឹង ជេរ​ឪ​ក្មេកជាអាចារ្យ«អាព្រឿន» រួចវាយពកក្បាល ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ!​

កណ្ដាល: កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារ នៅភូមិបឹងក្រចាប់ត្បូង​ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

​ជនសង្ស័យមានឈ្មោះ មួន​ វណ្ណ: ភេទប្រុស អាយុ៣៩ឆ្នាំ(ជាកូនប្រសារ) មុខរបរ កម្មករ​​។ ​ជនរងគ្រោះឈ្មោះ ព្រាប​ ព្រឿន អាយុ​៨០ឆ្នាំ(ជាឪពុកក្មេក) មុខរបរ អាចារ្យ​ មានទីលំនៅភូមិឃុំកើតហេតុជាមួយគ្នា។

នៅមុនពេលកើតហេតុ ជនសង្ស័យផឹកស្រាស្រវឹង ហើយជេរប្រមាថលើឪពុកក្មេកថា​ អាព្រឿន កាន់ជើងតែកូនខ្លួនឯង​ អត់កាន់ជើងអញទេ​ លឺដូចនោះឪពុកក្មេក​ បានចុះពីលើផ្ទះមកដី​ ស្រាប់តែជនសង្ស័យ (កូនប្រសារ) កាន់កាំបិតបុ័ងតោស្ទុះទៅរកកាប់ឪពុកក្មេក ភ្លាមនោះឪពុកក្មេកក៏​ស្ទុះទៅឃាត់ប្រតាយប្រតបដួលទៅលើដី​ បណ្តាលឲ្យឪពុកក្មេក​របួសពកក្បាលខាងស្តាំផ្នែកខាងក្រោយ​ រីឯជនសង្ស័យរបួសពកក្បាលខាងស្តាំផ្នែកខាងក្រោយ ចំណែកឈ្មោះ​ ព្រឿន​ ភានី (កូនជនរងគ្រោះ) មុតនឹងកាំបិតត្រូវចំកំភួនដៃទាំងសងខាង​ ឃើញដូចនោះអ្នកជិតខាងបានឃាត់បែកចេញពីគ្នា រួចរាយការណ៍ប្រាប់សមត្ថកិច្ច។

បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់​ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​ ដើម្បីកសាងសំណុំរឿចាត់ការតាមនីតិវិធី​។

សូមបញ្ជាក់ថា កន្លងមកជនសង្ស័យ​ ពេលផឹកស្រាស្រវឹងម្តង​ៗ តែងតែប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​ និងជេរប្រមាថលើក្រុមគ្រួសារថែមទៀតផង៕

Loading...