ព័ត៌មានជាតិ

អុញនោះ! រាយខ្សែលួសភ្ជាប់ចរន្តភ្លើងការពារទ្រព្យសម្បត្តិ បែរជាទាក់កុមារាម្នាក់ ឆក់ដួលរងរបួសធ្ងន់

ភ្នំពេញ: កុមារាម្នាក់ដើរទាក់ខ្សែលួស ចម្លងចរន្តដែលម្ចាស់ទីតាំងតរាយ ធ្វើជាប្រព័ន្ធការពាររបស់ទ្រព្យ ខុសច្បាប់មួយ បណ្តាលឲ្យឆក់ដួលរងរបួសធ្ងន់ធ្ងរ ពេលដែលដើរទៅរកកន្លែងបត់ជើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅដីវាល ដាក់គ្រឿងចក្រមួយកន្លែង ខាងលិចវត្តវង្គតបុរី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ម្ចាស់មើលការទីតាំងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះ ផាន់ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកកំណាត់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ របួសឆេះរលាកម្រាមខាងស្តាំចំនួន៥ម្រាម ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះដើរទៅកន្លែងដីវាល ដែលម្ចាស់ទីតាំងដាក់គ្រឿងចក្រទុកចោល ចូលទៅក្នុងបំណងបត់ជើងតូច តែបែរជាទៅទាក់ខ្សែលួស ដែលម្ចាស់ទីតាំងតរាយ តាមដី ពាសពេញជុំវិញគ្រឿងចក្រ ធ្វើជាប្រព័ន្ធការពារបស់ទ្រព្យ ដោយល្មើសច្បាប់ បណ្តាលឲ្យដួលប្រកាច់សន្លប់ស្តូក ត្រូវបានប្រជាពលរដ្ឋក្រឡេកឃើញ ផ្អើលឆោឡោ ទើបម្ចាស់ទីតាំង ផ្តាច់ចរន្ត ពលរដ្ឋយកក្មេងរងគ្រោះកប់ដីសើមៗ រួចដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្រ្គោះអាយុជីវិត តែមិនទាន់ដឹងវាសនានៃជីវិតក្មេងយ៉ាងណានៅឡើយ ។

ក្រោយពីផ្អើលឆោឡោ ក្មេងឆក់ចរន្តភ្លើង ដែលម្ចាស់ទីតាំងរាយបង្គប់ ភ្ជាប់ចរន្តភ្លើង សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនម្ចាស់មើលការទីតាំងនាំយកទៅសាកសួរ តែម្តង ៕

មតិយោបល់