Post News Media ព័ត៌មានជាតិ សមត្ថកិច្ចប៉ុ...

សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការឃាត់ខ្លួននៅក្នុងករណីហិង្សាដោយចេតនា (យកចបកាប់ កាប់គេឲ្យរបួស) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង២០នាទីល្ងាច នៅចំណុចផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ តុប ផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ សាន យៀក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មក សំរាមស៊ិនទ្រី ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសរយះបាតដៃខាងស្តាំដេរចំនួន១៨ថ្នេរ) ។

សម្ភារបន្សល់ទុលមាន៖ ចបកាប់ដងឈើចំនួន០១ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះអ្នកជិតខាង ដែលនៅជិតបន្ទប់ជួលរបស់ខ្លួន ពេលជនរងគ្រោះកំពុងដើរ ស្រាប់តែមានជនសង្ស័យខាងលើ បានដើរពីក្រោយរួចយកចបកាប់ មកកាប់លើជនរងគ្រោះ តែជនរងគ្រោះ បានក្រឡេកឃើញ រួចយកដៃខាងស្តាំចាប់ផ្លែចបកាប់ បណ្តាឲ្យត្រូវរបួសបាតដៃ ហើយបានស្រែកឲ្យអ្នកជិតខាងជួយ និងឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ធ្វើការសាកសួរ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Loading...