Post News Media ព័ត៌មានជាតិ ​ទុកកាបូបលុយន...

​ទុកកាបូបលុយនៅក្បាលដំណេកក្បែរបង្អួច ចោរលួចយកបាត់ ព្រឹកឡើងចាប់ជនសង្ស័យម្នាក់!

ភ្នំពេញ: ស្ត្រីម្នាក់បានទុកកាបូបក្រវាត់ចង្កេះមួយដែលមានលុយជិត២ពាន់ដុល្លារ នៅលើគ្រែក្បាលដំណេកក្បែរបង្អួចហើយត្រូវបានចោរឆ្កឹះគន្លឹះបង្អួចរួចបើកយកកាបូបលុយនោះ បន្ទាប់មកបានគេចខ្លួនបាត់ស្រមោល។ ខណ:ដែល​ស្ត្រីខាងលើមិនបានស្គាល់ចោរឡើយ ប៉ុន្តែគាត់បានអះអាងថា បានឃើញភិនភាគចោរពីក្រោយ និងបានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍។
លុះព្រឹកឡើងដោយផ្អែកតាមការចង្អុលបង្ហាញពីស្ត្រីរូបនោះទើបកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងឃាត់ខ្លួនបុរសម្នាក់នាំទៅសាកសួរ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀប​ភ្លឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីរងគ្រោះខាងលើឈ្មោះ សុខ ស្រីលីន អាយុ២៧ឆ្នាំ
មានទីលំនៅផ្លូវបេតុងភូមិកើតហេតុខាងលើ បាត់បង់លុយជាង១លានរៀល និង១,៤០០ដុល្លារ អត្តសញ្ញាណប័ណ្ណ, ទូរស័ព្ទម៉ាកសាំស៊ុង១គ្រឿង។

ចំណែកជនសង្ស័យ ដែលត្រូវជនរងគ្រោះប្ដឹងចោទប្រកាន់នោះឈ្មោះ ឆន សុវណ្ណរាជ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ សំណង់ ជាកូនកំព្រាស្នាក់នៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកកាបូបលុយនៅលើគ្រែក្បាលដំណេក ក្បែរមាត់បង្អួច។លុះដល់ពេលកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ចូលទៅធ្វើសកម្មភាពឆ្កឹះគន្លឹះបង្អួចនិងប្រើឧបករណ៍ថ្ពក់យកកាបូបរត់គេចខ្លួន។ខណ:នោះបានជនរងគ្រោះបានឃើញភិនភាគពីក្រោយហើយសង្ស័យទៅលើជនសង្ស័យខាងលើទើបព្រឹកឡើងប្ដឹងនគរបាលឲ្យចាប់ខ្លួន។ប៉ុន្តែពេលនាំទៅសាកសួរ ជនសង្ស័យបានបដិសេធន៍យ៉ាងដាច់អហង្ការ ហើយក៏មានអ្នកភូមិជិត១០នាក់ទៅធានាអះអាងថាជនសង្ស័យមិនបានប្រព្រឹត្តនូវអំពើចោរកម្មឡើយ៕

Loading...