ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនដៃដល់ម្នាក់ ទៅតុលាការ!

ភ្នំពេញ: នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ​ឈ្មោះ លន់ រ័ត្ននា ហៅក្តាម ភេទប្រុស អាយុ ២៥ឆ្នាំ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីហិង្សាដោយចេតនា។ ករណីនេះកើតឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៤:០០នាទី នៅចំណុច ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លន់ រ័ត្ននា រួម និបក្សពួក បានធ្វើសកម្មភាពប្រើហិង្សា វាយទៅលើជនរងគ្រោះ២នាក់ មានឈ្មោះ រស្មី សុភា ហៅតយ ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ ឡូញ ឆៃយ៉ា បណ្តាលឲ្យរបួសធ្ងន់ និងសន្លប់បាត់បង់ស្មារតី បន្ទាប់មករូបគេ រួម និងបក្ខពួកបានរត់គេចខ្លួនបាត់អស់។ រីឯឈ្មោះ រស្មី ម៉ូលីកា ហៅនីត ភេទស្រី អាយុ ១៩ឆ្នាំ ត្រូវជាប្អូនបង្កើតជនរងគ្រោះឈ្មោះ រស្មី សុភា ជាជនរងគ្រោះ ក្រោយពីបានឃើញហេតុការនេះ បានទៅដាក់ពាក់បណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បីជួយស្រាវជ្រាវចាប់ខ្លួនជនដៃដល់ ខាងលើ ទើបរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤:៤៥នាទី អាវុធហត្ថមូលដ្ឋានខណ្ឌព្រែកព្នៅ បានស្រាវជ្រាវតាមវិធានការជំនាញ រហូតឃាត់ខ្លួនបានជនសង្ស័យ ខាងលើ នៅចំណុច ផ្លូវលំ ចូលបុរី ស៊ីធីហៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្មោះ លន់ រ័ត្ននា ជាជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនគឺជាអ្នកវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ និងសន្លប់បាត់បង់ស្មារតីមែន។ នៅថ្ងៃកើតហេតុ ខណ:ពេលដែលរូបគេកំពុងតទុយោទឹកនៅក្នុងឃ្លាំងទឹកក្រូចរបស់ថៅកែខ្លួនឈ្មោះ ចិន នៅចំណុចកើតហេតុខាងលើ ស្រាប់តែឃើញបងប្អូនជីដូនមួយ បង្កើតខ្លួនឈ្មោះ បុរី និងឈ្មោះ បុរ៉ា ហៅរ៉េវ បានឈ្មោះប្រកែកគ្នា ជាមួយឈ្មោះ តង ដោយមានយកដុំថ្មគប់គ្នាទៅវិញទៅមក រូបគេក៏បានចូលឃាត់ ហើយឈ្មោះ បុរី និងឈ្មោះ បុរ៉ា ហៅរ៉េវ បានបន្តឈ្មោះប្រកែកគ្នាជាមួយជនរងគ្រោះ ខាងលើ ទៀត ដោយមានរុញច្រានគ្នា ទៅវិញទៅមក ឃើញដូចនោះ រូបគេបានស្ទុះទៅវាយជនរងគ្រោះពីក្រោយមួយដៃពេញទំហឹងបណ្តាលឲ្យដួលសន្លប់បាត់បង់ស្មារតី ហើយរូបគេបានរត់គេចខ្លួនបាត់តែម្តង។ លុះរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៤:៥០នាទី ខណ:ពេលដែលរូបគេកំពុងជិះម៉ូតូក្នុងភូមិ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថចុះមកធ្វើការឃាត់ខ្លួនរូបគេតែម្តង៕

មតិយោបល់