ព័ត៌មានជាតិ

ជនជាតិចិន២នាក់ បើករថយន្តស៊េរីទំនើបម៉ាកHUMMER ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់២កង់

ភ្នំពេញ: បុរសជនជាតិចិន២នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបមួយគ្រឿងបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលបាក់អស់២កង់រថយន្តបង្កស្រុញមួយកំណាត់មុខទៅមុខលែងរួច ចំណែកតៃកុងនិងអ្នករួមដំណើររងរបួសបែកមុខមាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើកស៊េរីទំនើបមួយគ្រឿងម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1555 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យវៀចអស់២កង់។ ចំណែករថយន្តបង្កស្រុញមួយកំណាត់មុខទៅមុខលែងរួច។ ក្រោយមកបុរសជនជាតិចិនទាំង២នាក់ មិនបានទៅណានោះទេបានដេកនៅក្នុងរថយន្តព្រមទាំងមានរបួសបែកមុខបែកមាត់ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់