ព័ត៌មានជាតិ

​ឆ្កែខាំក្មេង២នាក់បងប្អូនរងរបួសធ្ងន់ ម្ចាស់រឹងរូសដោះស្រាយមិនចេញ!

ភ្នំពេញ: សត្វឆ្កែ១ក្បាលដែលម្ចាស់ចិញ្ចឹម តែប្រលែង បង្កគ្រោះថ្នាក់ ខាំក្មេងប្រុស-ស្រី២នាក់បងប្អូនជាបន្តបន្ទាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កូនស្រីបងរងរបួសរយះពេញផ្ទៃមុខ ភ្នែក ចំណែកកូនប្អូនរងរបួសមុតធ្លាយបំពង់ក ស្លឹកត្រចៀក កាលពីថ្ងៃទី១៩និងថ្ងៃទី២០ ពីរថ្ងៃជាប់គ្នា នៅបរិវេណផ្ទះជួលក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយក្មេងរងគ្រោះទាំង២នាក់ ក្នុងសភាពរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគុន្ធបុប្ផា កាលពីវេលាម៉ោង៥និង៥០នាទីព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក៏ប៉ុន្តែភាគីខាងម្ចាស់ឆ្កែ ហាក់បីដូចជាគ្រអើតក្រទម បដិសេធ ក្មេងស្រីរងគ្រោះ របួសនោះមិនមែនឆ្កែរបស់គាត់ខាមឡើយ ទោះជាអ្នកភូមិ ពលរដ្ឋជុំវិញ អះអាងថាឆ្កែមួយក្បាលនឹងហើយខាំក្មេង២នាក់បងប្អូន ។

ក្មេងរងគ្រោះ ទាំង២នាក់បងប្អូន ទី១ ឈ្មោះ ហេង សក្កណា ភេទស្រី អាយុ៧ឆ្នាំ របួសពេញផ្ទៃមុខ និងភ្នែក ទី២ ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ៣ឆ្នាំ រងរបួសមុតធ្លាយបំពង់ក ស្លឹកត្រចៀក ។ ទាំង២នាក់រស់នៅក្នុងបន្ទុក ម្តាយឈ្មោះ ប៊ុន ចាន់ណា អាយុ៣១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ជាស្រ្តីម៉េម៉ាយ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ក្មេងរងគ្រោះទាំង២ ជាកូនទី២និងទី៣ ស្នាក់នៅបន្ទប់ជួលលេខ២អា ជាន់ទី១ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មាន ស្រុកកំណើត ភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ករណីខាងលើ ក្រោយពីបញ្ជូនក្មេងរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យរួចមក ភាគីខាងម្ចាស់ឆ្កែហាក់បីដូចជាក្រអើតក្រទម និយាយជាមួយប៉ូលិសផ្សេង និយាយជាមួយ ភាគីរងគ្រោះផ្សេង ដូចជាព្រងើយកន្តើយ កង្វះទំនួលខុសត្រូវ ហារមាត់ស្តីបង្ខំឲ្យភាគីរងគ្រោះ៥០ដុល្លារបញ្ចប់រឿង ថែមទាំងជម្រុញឲ្យភាគីរងគ្រោះដើរប្តឹងចុះ ទើបភាគីរងគ្រោះមិនសុខចិត្ត រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅភាគីសងខាងចូលនិយាយគ្នានៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅប៉ុស្តិ៍ចោមចៅ ដោយភាគីម្ចាស់ឆ្កែ ហានឲ្យត្រឹម៥០០ដុល្លារបញ្ចប់រឿង ខណ:ដែលភាគីរងគ្រោះទាមទា២០០០ដុល្លារ ក៏ដោយសារ ភ្នែកកូនស្រីម្ខាងរងរបួស មិនទាន់ដឹងថា វាសនាយ៉ាងដូចម្តេចផង ។

ដំណោះស្រាយ រឿងសត្វឆ្កែម្ចាស់ចិញ្ចឹមហើយ បង្កខាំក្មេង២នាក់បងប្អូនបណ្តាលឲ្យរងរបួសធ្ងន់ សមត្ថកិច្ចដោះស្រាយមិនទាន់ចេញនៅឡើយ ខណ:ដែលភាគីម្ចាស់សត្វឆ្កែ ដូចជាក្រអើតក្រទម ត្រូវបានវិលត្រឡប់ទៅវិញរៀងខ្លួនសិន​៕

មតិយោបល់