ព័ត៌មានជាតិ

មន្ត្រីនគរបាល​ផ្នែកខាងមន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនម្នាក់ ​ដកកាំភ្លើង​ខ្លី​វាយ​ក្បាលគេ​បែកឈាម គ្រាន់តែរឿងជម្លោះគ្រោះថ្នាក់ចរាចរណ៍!

ភ្នំពេញ: បុរស​ម្នាក់ជាមន្ត្រីនគរបាល​ផ្នែកខាងមន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានដក​កាំភ្លើង​ខ្លី​មួយ​ដើម ​វាយទៅ​លើ​បុរស​ម្នាក់​ទៀត​បណ្តាលឲ្យ​បែក​ក្បាល​ បន្ទាប់​ពី​ជិះ​ម៉ូតូ​ប៉ះ​ពៀរ​គ្នា​បន្តិច​បន្តួច​ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​កើត​មាន​ឡើង​កាលពីវេលា​ម៉ោង​៩និង៤០នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងកើងផ្សារហេង​លី​ប្រមាណ២០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

ជនរងគ្រោះ​មានឈ្មោះ​ ហេង​ ទិក​ ភេទប្រុស​ អាយុ​៤៨ឆ្នាំ​ ជាអ្នករត់ម៉ូតូឌុប​ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​។ ដោយឡែក​ជនបង្ក​មាន​វ័យជាង៥០ឆ្នាំ​ មិន​បាន​ស្គាល់​ឈ្មោះ​នោះទេ​ គ្រាន់​តែ​ដឹង​ថា​ជាមន្ត្រី​នគរបាល​ខាង​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជា​ជនបង្ក​បានជិះម៉ូតូមួយគ្រឿងម៉ាក​ PCX ពណ៌ខ្មៅ​ មិនចាំស្លាកលេខ​ និងមានម៉ូតូបើកដេញតាមពីក្រោយមួយគ្រឿងទៀតម៉ាក​ ហុងដាឌ្រីម​ ស៊េរី០១០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1FI-3685​ ដែលបើកបរ​ដោយបុរសជាជនរងគ្រោះ​ និងម៉ូតូមានសភាពបែកកាបាំងផ្នែកខាងស្តាំ។ ដោយពីទាំងពីគ្រឿងបានបើកប្រដេញគ្នា​តាមបណ្ដោយ​ផ្លូវ​២៧១​ ក្នុង​ទិសដៅ​មក​ពី​ស្ពាន​អាកាស​៧មករា​ឆ្ពោះឡើងទៅ​ស្តុប​ណូគា​ លុះមកដល់ចំណុចកើតហេតុ​ពីទាំងគ្រឿង​ក៏បានឈប់​ ចុះនិយាយគ្នាយ៉ាង​តឹង​សរសៃ​ក​រៀងៗ​ខ្លួន​។ បន្ទាប់​មកស្រាប់តែជនបង្កបានដកកាំភ្លើងខ្លីមួយដើមម៉ាក​ K54​ ចេញពីចង្កេះ​រួចវាយទៅលើក្បាលរបស់ជនរងគ្រោះបណ្តាលឲ្យបែកឈាមហូរ​ស្រោច​ខ្លួន​ ហើយក៏​កើតជាការប្រតាយ​ប្រតប់គ្នា​ឡើង​។ មួយសន្ទុះក្រោយមកក៏ស្រាប់តែជនបង្កបានដកលុយ​ចំនួន​២០០ដុល្លារឲ្យ​ទៅជនរងគ្រោះ​ រួច​ក៏​ឡើងម៉ូតូជិះចេញ​ទៅ​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ត្រង់​ចំណុចផ្ទះអត់លេខ​ ផ្លូវ​៣៧១សុលា​ ស្ថិតក្នុងសង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ​។ តែភ្លាមនោះ​ក៏​មានប្រជាពលរដ្ឋដែល​ឃើញ​ហេតុ​ការណ៍​បានរាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ ហើយ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​ទៅធ្វើការឃាត់ខ្លួនជនបង្ក​ដល់ផ្ទះរបស់ភ្លាមៗ​ រួច​នាំ​យក​ទៅ​សាក​សួរ​នាំ​នៅ​ឯ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​តែម្តង។

បើតាមសម្តី​ពី​ជន​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​ឲ្យដឹង​ថា​នៅមុន​ពេលកើតហេតុ​ គាត់​បានជិះម៉ូតូ​តាមបណ្ដោយ​ផ្លូវ​៥៩៨​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះមកដល់ចំណុចខាងក្រោមស្ពាន​អាកាស​៧មករា​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ស្រាប់តែជនបង្កបានជិះម៉ូតូ​មួយគ្រឿងទៀត​មកបុក​ម៉ូតូរបស់គាត់បណ្តាល​ឲ្យដួលរងការខូចខាតបែកកាបាំង​។ ភ្លាមនោះជនបង្កខាងលើមិនបានឈប់ដើម្បីធ្វើការដោះស្រាយគ្នានោះទេ​ គឺបានព្យាយាមបើកម៉ូតូរត់គេចខ្លួន​ ហើយគាត់​ក៏បានលើម៉ូតូជិះដេញតាមពីក្រោយ​រហូតមកចំណុចកើតហេតុខាងលើ​ ទើបជនបង្ករូបនោះព្រមឈប់ម៉ូតូ​។ បន្ទាប់​មកគាត់ក៏បាននិយាយ​សម្របសម្រួល​គ្នា​ដើម្បី​ឲ្យជនបង្កចេញសំណង​ថ្លៃការខូចខាតមកឲ្យរូបគាត់​ តែពេលនោះស្រាប់​តែជនបង្កបានដកកាំភ្លើងខ្លី​មកវាយក្បាល​រូបគាត់បណ្តាល​ឲ្យ​បែក​ និងបម្រុងបាញ់រូបគាត់ថែមទៀតផង។ ហើយភ្លាមនោះគាត់ក៏​ស្រវេស្រវា​ចាប់កាំភ្លើង​ រួចមួយសន្ទុះក្រោយ​មក​ជនបង្កក៏បានដកលុយចំនួន២០០ដុល្លារ​មកឲ្យគាត់​ ហើយក៏ជិះម៉ូតូចេញទៅបាត់។

បច្ចុប្បន្ន​ជនរងគ្រោះ​និង​ជនបង្ក​ត្រូវ​រួម​ទាំង​វត្ថុ​តាង​ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនិងឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឯ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​និង​ចាត់​វិធានការណ៍​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់