ព័ត៌មានជាតិ

សូមបើកបរដោយប្រុងប្រយ័ត្ន! ម៉ូតូធំបើកបុកគូទកុងតៃន័រទាំងកំរោល បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ សន្លប់ស្តូកស្ដឹង

ភ្នំពេញ: បុរសស្រវឹងស្រាម្នាក់ បានជិះម៉ូតូរេចង្កូត បោលទៅបុកគូទកុងតៃន័រទាំងកម្រោល បណ្តាលឲ្យរងរបួសធ្ងន់ បែកក្បាល និងបាក់ឆ្អឹងដងកាំបិតខាងស្តាំ សន្លប់ស្តូកស្ដឹង ចំណែករថយន្តបន្តដំណើរទៅបាត់ កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ មៀច ស៊ីទីនណូ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូប្រភេទធុនធំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-2414 ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូក្នុងសភាពស្រវឹង ពីជើងទៅត្បូងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកគូទរថយន្តកុងតៃន័រ បណ្តាលបោកដួលរងរបួសធ្ងន់ម្នាក់ឯង ។

ក្រោយកើតហេតុភ្លាម រថយន្តកុងតៃន័រមិនបានឈប់ទេ ដោយបន្តដំណើរទៅបាត់ បន្សល់ទុកជនរងគ្រោះ នៅកន្លែងកើតហេតុ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣ ៕

មតិយោបល់