ព័ត៌មានជាតិ

​បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ហូលីដេ​ប៉ាឡេសម្នាក់ ជិះម៉ូតូលឿនបុករថយន្តកំពុងបត់ រងរបួសធ្ងន់!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅមុនពេលកើតហេតុ គេ​ឃើញ​​មាន​ម៉ូតូម៉ាកគ្លិច ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1F.3365 ជិះដោយឈ្មោះ ម៉ៅ រ៉ាបូ ភេទ​ប្រុស អាយុ​៣០ឆ្នាំ បុគ្គលិកផ្នែកអេឡិចត្រូនិច​ក្នុងក្រុមហ៊ុនកាស៊ីណូ ហូលីដេ ប៉ាឡេស ជិះក្នុងល្បឿនលឿន​ពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្ត​​ម៉ាកឡិចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ​2B.2808 ដែល​កំពុងបត់បញ្ច្រាស បណ្តាលឲ្យម្ចាស់​ម៉ូតូ​រងរបួសធ្ងន់តែម្តង។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបាន ហៅរថយន្តមន្ទីរពេទ្យបង្អែក​ដឹកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែក​រថយន្ត និងម៉ូតូ ត្រូវបាន​នាំយកមក​រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយនៅពេលក្រោយ៕​

មតិយោបល់