ព័ត៌មានជាតិ

ប្រុងប្រយ័ត្ន! កូនទៅដកផ្សិតកញ្ជូរពីក្នុងព្រៃយកមកស្លហូប ពុលស្លាប់ឪពុក និង៥នាក់ទៀតមានអាការធ្ងន់ស្រាល!

ព្រះវិហារ: កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ពុលសម្លកកូរផ្សិត ដែលកូនជនរងគ្រោះដកផ្សិតកញ្ជូរពីក្នុងព្រៃ យកមកឲ្យម្តាយស្ល​ហូបជុំគ្នា និង៥នាក់ទៀត​មានអាការធ្ងន់ស្រាល ​នៅ​​ភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

​ជនរងគ្រោះជាឪពុក​មានឈ្មោះ ស្រី លួន ភេទប្រុស អាយុ៦៧ឆ្នាំ(ស្លាប់) និងកូនឈ្មោះ ស្រី យ៉ា សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយម្តាយនិងកូន៣នាក់ទៀត ពុលបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយការពិនិត្យសាកសពជនរងគ្រោះ កម្លាំងជំនាញវិទ្យាសាស្ត្របច្ចេកទេស របស់អធិការនគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំស្រយ៉ង់ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងគ្រួសារជនរងគ្រោះឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយការពុល ពិតប្រាកដមែន។
ចំពោះសាកសពប្រគល់​ជូនក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់