Post News Media ព័ត៌មានជាតិ កម្លាំង​អន្តរ...

កម្លាំង​អន្តរាគមន៍ខណ្ឌ​ពោធិ៍​សែនជ័យ​សហការ​ជាមួយ​​ប៉ុស្តិ៍​ឃាត់​ខ្លួនជន​បង្ក​ ប្រើ​​​ហិង្សាគំរាម​​យកម៉ូតូ​ចេញ​ពី​កន្លែង​កើត​ហេតុ!​

ភ្នំពេញ: បុរស​កម្មករ​សំណង់​ម្នាក់​បាន​ជិះ​បុក​ម៉ូតូ​ស្ត្រី​២នាក់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​នឹង​ស្រាល​ម្នាក់ ​ហើយ​មិន​ព្រម​ដោះស្រាយ​បែរហៅ​បក្ខពួក​មក​វាយ​គំរាម​យក​ម៉ូតូ​ ចេញ​ពី​កន្លែង​កើត​ហេតុ​ ត្រូវ​បាន​ជន​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​ ឃាត់​បាន​​ជន​បង្ក​ម្នាក់​ កាល​ពី​វេលាម៉ោង​ ៧នឹង​៣០​នាទី ​ថ្ងៃ​ទី​២៤ ខែ​តុលា ​ឆ្នាំ​២០១៨ ​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ដែល​ស្ថិត​នៅ​ ភូមិ​ ប្រាសាទ​ សង្កាត់​​ស្នោរ​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជន​រង​គ្រោះ​​មាន​គ្នា​២នាក់ជាម្តាយនឹងកូន​ ជិះ​ម៉ូតូ​ ម៉ាក​គប់​៧០ ពណ៌​​ខៀវ​ ខ្ចី​ ពាក់​ស្លាក​លេខ​ឈ​ 2735ភព១​ ចេញ​ពី​​មន្ទីរពេទ្យ​ ហើយ​ទៅ​ផ្ទះ​ ក្នុង​ទិស​ដៅ​ពី​​ជើង​ទៅ​ត្បូង​ ហើយ​បត់​ឆ្វេង​។ ចំណែក​ជន​បង្ក​​ជិះ​ម៉ូតូ​ ម៉ាក​ឌ្រីម​សង់ ​ស៊េរី​២០១៨ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ រត់បាត់។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ ដែល​រង​របួស​ស្រាល​បាន​និយាយ​ប្រាប់​ឲ្យដឹងថា នៅមុនពេលកើតហេតុ​ រូបគាត់​ បាន​ឌុប​កូន​ស្រី​ របស់​គាត់​ ចេញ​ពី​ មន្ទីរ​ពេទ្យ​ឯកជន​ ពី​ភូមិ​ស្រែ​តេជះ​មក​ផ្ទះ​វិញ​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ចំណែក​ម៉ូតូ​បង្កជិះ​ស្របគ្នា​ ហើយ​ម៉ូតូ​រង​គ្រោះ​ បាន​សេញ៉ូបត់​ឆ្វេង​ ស្រាប់​តែ​ម៉ូតូ​បង្ក​ បានបុក​ពី​ក្រោយ​ បណ្តាលឲ្យជន​រង​របួស​ធ្ងន់ម្នាក់​​នឹង​ស្រាល​ម្នាក់​​​។ ភ្លាមៗ​ភាគី​រង​គ្រោះ​ នឹង​ប្រជាពលរដ្ឋ​បាន​ឃាត់​ម៉ូតូ​បង្ក​ខាង​លើ​ ដើម្បី​ដោះស្រាយ​ បន្ទាប់​មក​ភាគី​ បង្ក​នោះ​បាន​ទៅ​ហៅ​​បក្ខ​ពួក​ជា​កម្មករ​ដូច​គ្នាប្រមាណជិត១០នាក់​ មក​គំរាម​នឹង​យក​ដុំ​ថ្ម​គប់​ភាគី​រង​គ្រោះ​និង​ប្រជាពលរដ្ឋ​ រង​របួស​​២នាក់​ទៀត​ ហើយ​យក​ម៉ូតូ​ចេញ​ពី​កន្លែង​កើត​ចេញ​ទៅ​បាត់​​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅ​កន្លែង​កើត​ហេតុ​បាន​ បញ្ជាក់​ទៀត​ថា​ ជន​បង្ក​ខាង​លើ​ ដោយ​ដឹង​ថា​ ពួក​គាត់​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​ជិត​កន្លែង​កើត​ហេតុ​ផងដែរ​ បន្ទាប់​មក​ភាគី​ រង​គ្រោះ​បាន​ប្តឹង​ទៅ​ សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។ បន្ទាប់​មក​ បាន​ដឹង​ ដល់​លោក​ អធិការ​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​បញ្ជា​កម្លាំង​​នៃ​អធិការ​រង​​ផ្នែក​ជំនាញ​ចរាចរណ៍​នឹង​ផ្នែក​​ព្រហ្មទណ្ឌ​ព្រម​ទាំង​ កម្លាំង​ អន្តរាគមន៍​ពិសេស​ បាន​ចុះទៅ​ទីតាំង​កើតហេតុ​ ដោយ​សហការ​ជា​មួយ​មេ​ភូមិ​ ឃាត់​បាន​ជន​បង្ក​ម្នាក់​ដែល​​ពួនសម្ងំ​ក្នុង​ការដ្ឋាន​សំណង់​ខាង​លើ​ ដោយ​មានកាំបិត​នៅ​ខាង​ក្រោម​ខ្លួន​ផងដែរ​ និង​ភាគី​ផ្សេង​ទៀត​ បាន​រត់​គេច​ខ្លួន​អស់​។
ក្រោយ​ពេល​កើតហេតុ​ ជនបង្ក​ខាង​លើ​ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ឃាត់​យក​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្នោរ​ ដើម្បី​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

Loading...