ព័ត៌មានជាតិ

ហួសថ្លែង! Mafia ចិន៤នាក់ ប្រើដំបងវាយរថយន្តមន្រ្តីនគរបាលខេត្តព្រះសីហនុមុខកាស៊ីណូយ៉ាឌូលី ត្រូវប៉ូលិសឃាត់ខ្លួនបាន

ព្រះសីហនុ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ៤នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពប្រើដំបងវាយរថយន្ត ០១គ្រឿង ដែលកំពុងបើកបណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅវេលាម៉ោង០០និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង ០៤នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់នេះ ៖ ទី១-ឈ្មោះ FU SONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ QING ZHEG GUO ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ YANG FEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ ZHANG HUI ZHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ក្នុងនោះ វត្ថុតាងដកហូតយកបានមាន ៖ កាំបិតបុ័ងតោ ចំនួន ០២ដើម, ដំបងដែកទីប ចំនួន ០៥ដើម, រថយន្តចំនួន ០១គ្រឿង ម៉ាក GREATWALL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AG-៩៧៤៣ ។

ដោយឡែកជនរងគ្រោះមានគ្នា ៤នាក់ ៖ ទី១-ឈ្មោះ ប៉ាន បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម១៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ ហង្ស ស៊ន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ សុន ស៊ី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ គង់ សៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

នគរបាលបានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះបណ្តាលឲ្យរថយន្ត ០១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ស្លាកលេខ ភ្នំពេញ 2AP-2867 បែកកញ្ចក់រថយន្តខាងមុខ ០១ផ្ទាំង, កញ្ចក់ចំហៀងផ្នែកខាងឆ្វេង០១ផ្ទាំង, កញ្ចក់មើលក្រោយ ០១ផ្ទាំង និងមានស្នាមក្រពឹតរលាត់ថ្នាំ ជាច្រើនកន្លែងទៀត ប៉ុន្តែជនរងគ្រោះទាំង ០៤នាក់ មិនមានរងរបួសអ្វីនោះទេ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់