ព័ត៌មានជាតិ

ប្រទះឃើញ​នារី​ម្នាក់​ ដេក​ក្បែរ​ម៉ូតូ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​

ភ្នំពេញ: សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​ ធ្វើការជិះល្បាតក្នុង​មូល​ដ្ឋាន​ក៏ប្រទះឃើញនារី​វ័យ​២៤ឆ្នាំ​ម្នាក់ ដេកជិតម៉ូតូមួយគ្រឿងនិងមាន​ស្មារតី​វង្វេងវង្វាន់​ នៅលើឃឿនតាមចិញ្ចើមផ្លូវ​តែម្នាក់ឯងសង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ។

​ ហេតុការណ៍​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១១និង៥០នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាង​កើត​បុរី​ប៉េងហួត​ប្រមាណ២០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​ កម្លាំង​ពួកគាត់​បានធ្វើការជិះល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​។ លុះជិះមកដល់​ចំណុច​កើត​ហេតុ​​ក៏​ប្រទះ​នារី​ម្នាក់​ដេក​នៅលើដី​ជិត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ZOOMER-X ពណ៌ស្វាយលាយខ្មៅ​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​1FT-9310​ នៅត្រង់​ចំណុច​កើត​ហេតុ​ខាង​លើ​។ ពេល​នោះ​កម្លាំង​ពួកគាត់​ក៏​បាន​ចូល​ទៅ​ដាស់សួរនាំ​ តែនារីខាងលើនោះមានសភាព​វង្វេងវង្វាន់​បាត់​បង់​ស្មារតី​ និយាយមិនដឹងរឿង​ហាក់ដូចជាត្រូវគេដាក់ថ្នាំសណ្តំ​។ បន្ទាន់​មកកម្លាំង​សមត្ថកិច្ច​ក៏​បានព្យាយាមយកទូរសព្ទដៃរបស់នារីរងគ្រោះខាងលើដើម្បីទាក់ទងរកសាច់ញាតិ​ តែដោយទូរសព្ទរបស់នារីខាងអស់ថ្ម​ ទើបមិនអាចទាក់ទងទៅរកសាច់ញាតិនារីរូបនោះបាន។ ហើយក៏​មាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាងនោះ​ បានជួយយកក្រូចឆ្មារ​ និង​មើម​ខ្ទឹម​ មកឲ្យនារីរងគ្រោះបៀម​និងញីមុខដើម្បីឲ្យស្វាងឡើងវិញ។

ប្រភពដដែលបន្តថាលុះអស់រយ:ពេលជាងមួយម៉ោងក្រោយមក​ នារី​ខាងលើក៏មានស្មារតីតិចៗឡើងវិញ​ ហើយក៏ទាមទារម៉ូតូពីសមត្ថកិច្ចជិះត្រឡប់ទៅផ្ទះវិញនៅឯម្តុំអធិការដ្ឋាននគរបាលខណ្ឌទួលគោកដោយខ្លួនឯង​ តែកម្លាំងសមត្ថកិច្ចមិនព្រមប្រគល់ម៉ូតូឲ្យនារីរងគ្រោះនោះទេ​ ព្រោះដោយឃើញស្ថានភាពរបស់នាងមានភាព​ទន់​ខ្សោយ​ដូចជាមនុស្សស្រវឹង​ស្រា​ ឈរ​ទប់​ខ្លួន​មិននឹង។

បើតាមសម្តី​ពីនារីខាងបានប្រាប់ទាំងសភាព​វង្វេងវង្វាន់​ថា​ រូបនាងមានឈ្មោះ​ រង្សី​ អាយុ​២៤ឆ្នាំ​ ស្នាក់នៅម្តុំបឹងសាឡាង​ ក្បែរ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​។ ហើយមុនពេលកើតហេតុសង្សាររបស់នាងបានជិះឌុបរូបនាង​មកដល់ចំណុចកើតហេតុ​ រួចសង្សាររបស់នាងក៏​ចាកចេញ​ពីទីនោះ​ដោយទុកនាងចោល​នៅកន្លែងកើតហេតុតែ​ឯង​។

ក្រោយពេលកើតហេតុដោយនារីរងគ្រោះខាងលើ​ ទាមទារ​តែ​ទៅផ្ទះ​របស់ខ្លួនវិញដែលនៅម្តុំបឹងសាឡាង​ក្បែរ​និង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​។​ ហើយកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​ក៏ព្រម​ ជូននារីរូបនោះទៅផ្ទះរបស់នាងវិញ​ ដែលនៅតាមបណ្តោយផ្លូវ២៦១​ ក្បែរ​និង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ ស្ថិតក្នុងសង្កាត់​បឹងសាឡាង​ ខណ្ឌទួលគោក។ តែខណ:ពេលដែល​ទៅដល់​គឺសោទ្វារ​ផ្ទះដែល​នារី​ខាងលើ​ ប្រាប់ថាជាផ្ទះរបស់ខ្លួននោះគឺចាក់មិនត្រូវនោះទេ។ ហើយដោយ​អស់ជម្រើសកម្លាំងសមត្ថកិច្ចក៏បានដឹកនារីរងគ្រោះខាងលើទៅសម្រាក់នៅគ្លីនិកឯកជន​ហុងហាក់​ ដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាល​ រងចាំនារីខាងលើនោះដឹងខ្លួនឡើងវិញហើយទាក់ទងទៅសាច់ញាតិនៅពេលក្រោយ៕

មតិយោបល់