ព័ត៌មានជាតិ

បងផឹកស្រវឹងយកកាំបិតចាក់ប្អូនរងរបួស ក្រោយសមត្ថកិច្ចឃាត់ខ្លួនស្រាប់តែរកឃើញកាំភ្លើង១ដើមទៀត..!

ប៉ៃលិន: កាលពីវេលាម៉ោង៨និង៣០​នាទីយប់ ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ២០១៨ មានករណីអំពើហិង្សាដោយចេតនា​ ដែលមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់ នៅ​ចម្ការ​ស្វាយ ភូមិភ្នំកុយ ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ អៀម​ សុផានី​ អាយុ​៥៣ឆ្នាំ​ មុខរបរ​ កសិករ​
រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ចំណែកជនសង្ស័យ​ឈ្មោះ​ អៀម​ សុកល ភេទប្រុស​ អាយុ​៥៧​ឆ្នាំ​ មុខរបរ​ កសិករ​ មានទីលំនៅមិនពិតប្រាកដ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ។
ជនសង្ស័យមានសភាពស្រវឹង បានយកកាំបិតចិតបន្លែ កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស​២កន្លែង ត្រង់កែងដៃស្ដាំ និងភ្លៅខាងស្ដាំ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រហូតដល់ វេលាម៉ោង៨និង៣០ ព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឈានទៅដល់ការចាប់យកវត្ថុតាង នូវអាវុធខ្លីចំនួន១ដើមទៀត ដែលជនសង្ស័យបានលាក់ទុក។
វត្ថុតាងចាប់យករួមមាន៖ កាំបិតចិតបន្លែ​១ដើម, កាំភ្លើងខ្លីម៉ាក​K54 ចំនួនមួយ, គ្រាប់ចំនួន​៦គ្រាប់ និងបង់សម្រាប់ដាក់គ្រាប់ចំនួន​១។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល​ស្រុកសាលាក្រៅ​ ដើម្បីកសាងសុំណុំរឿងទៅតាមនិតិវិធីច្បាប់៕

មតិយោបល់