ព័ត៌មានជាតិ

ប្រើហិង្សាក្នុងគ្រួសារហើយ នៅគំរាមកំហែងថានឹងសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទីបញ្ចប់ជាប់ខ្នោះ

ភ្នំពេញ: អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ឯកឧត្តម បណ្ឌិត ​ម៉ៅ ភិរុណ អភិបាល​ខេត្ត​ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។

ជាក់ស្តែងនៅស្រុកកណ្ដាលស្ទឹង៖ មានករណីហិង្សាក្នុងគ្រួសារ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ និងគំរាមកំហែងថានឹងសម្លាប់ មួយកើតឡើងនៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែង(លក់ថ្នាំពេទ្យ)ផ្សារកំពង់កន្ទួត ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បង្កដោយជនសង្ស័យឈ្មោះ ឡាយ អ៊ុយសៀង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ត្រូវជាប្តីជនរងគ្រោះ) បានធ្វើសកម្មភាពយកកន្ត្រៃនិងដុំថ្មមកគុបនិងចាក់លើជនរងគ្រោះ ចំនួន០២នាក់៖
១-ឈ្មោះ អោ វណ្ណេត ភេទស្រី អាយុ ៧៣ ឆ្នាំមុខរបរ មេផ្ទះ​ ជា(ម្ដាយក្មេក)រស់នៅភូមិ.ឃុំកើតហេតុ។
២- ឈ្មោះ អោ រីយ៉ា ភេទ ស្រី អាយុ ៣១ ឆ្នាំមុខរបរលក់ថ្នាំពេទ្យ ជា(ប្រពន្ធ)មានទីលំនៅភូមិ.ឃុំកើតហេតុ។

មូលហេតុ៖ ជនសង្ស័យប្រើប្រាស់ ថ្នាំញៀន (លទ្ធផលធ្វើតេស្តវិជ្ជមាន) និងមានទំនាស់ក្នុងគ្រួសារជាញឹកញាប់។ សូមបញ្ជាក់ថា ជនសង្ស័យខាងលើធ្លាប់បានប្រើអំពើហិង្សាក្នុងគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្តាលឲ្យខូចខាតមួយចំនួនធំដូចជា៖ ទ្វារផ្ទះ ទូរថ្នាំពេទ្យចំនួន០៦ ថ្នាំពេទ្យមួយចំនួន ព្រមទាំងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះជាច្រើន កាលពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៨ ម្ដងរួចមកហើយ ហើយបានរត់គេចខ្លួននៅពេលដែលឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចុះទៅអន្តរាគមន៍ ។ លុះនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ បានចូលមកអុកឡុកជេរប្រមាថ​ប្រពន្ធនិងក្រុមគ្រួសារព្រមទាំងយកដុំថ្មនិងកន្ត្រៃមកគុប ដេញចាក់មកលើជនរងគ្រោះចំនួន២នាក់ខាងលើម្ដងទៀត តែជនរងគ្រោះបានរត់គេចខ្លួនរួចផុតពីគ្រោះថ្នាក់។

ពេលកំពុងធ្វើសកម្មភាពកម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងបានចុះអន្តរាគមន៍ភ្លាមៗដោយធ្វើការឃាត់ខ្លួននិងប្រមូលវត្ថុតាង ដើម្បីឲ្យជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលនាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨។

មតិយោបល់