ព័ត៌មានជាតិ

Update៖ រថយន្តឡិចស៊ីសរយ៉ែថយក្រោយមិនប្រយ័ត្ន បុកកិនម៉ូតូរុញផ្ទប់ទៅនឹងខឿនសួនច្បារផ្លូវ​ ស្លាប់យុវជនម្នាក់!

ភ្នំពេញ: កាលពីវេលាម៉ោង​​១១ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវអមសួនច្បារអតីត ទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​។

ជនរងគ្រោះមានឈ្មោះ ចាន់ មេសា ភេទប្រុស អាយុ២៣​ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំស្ទឹងមានជ័យ មានស្រុកកំណើតភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក​ឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2G-4555 បានបើករយ៉ែថយក្រោយចេញពីភោជណីដ្ឋាន សេវេនប្រាយឃីងមិនប្រយ័ត្ន ខណ:នោះស្រាប់តែម៉ូតូ​ម៉ាក​វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1​AJ-7405​ជិះមកដល់ក៏រថយន្តកិនម៉ូតូនិងជនរងគ្រោះរុញផ្ទប់ទៅនឹងខឿនសួនច្បារផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានទាក់ទងទៅកម្លាំងជំនាញចរាចរណ៍​ក្រុង ដើម្បីធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូមករក្សាទុក ចំណែកសាកសព ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់