ព័ត៌មានជាតិ

រថយន្តកាមរីបាឡែន ពន្លះបង្គោលភ្លើង ទាំងកណ្តាលយប់ ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយបុរសម្នាក់បើកបររថយន្តកាមរីបាឡែនមួយគ្រឿងទាំងស្រវឹងស្រា​ ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតទៅបុកនឹងបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯអ្នកបើកបរបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ៤៦០ កែងផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តកាមរីបាឡែន មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-5010 បើកបរដោយបុរសម្នាក់ស្រវឹងស្រាទន់ខ្លួន ធ្វើដំណើរពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹងបង្គោលភ្លើងពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងបង្គោលភ្លើងថ្មបាក់អស់មួយដើមផងដែរ។ ចំណែកឯអ្នកបើកបររងរបួសធ្ងន់ ហើយត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ បានរាយការណ៍​ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងនាំគ្នាចេញមកជួយហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ​ ឲ្យចុះមកកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង​ និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋតាមផ្លូវច្បាប់៕

មតិយោបល់