ព័ត៌មានជាតិ

មករាំលេងអកកន្តង់ ក្នុងពិធីបុណ្យកឋិនទាននៅក្នុងវត្ត គ្រាន់តែចប់កម្មវិធីភ្លាមវាយគ្នាភ្លែត ត្រូវប៉ូលិសឃាត់ខ្លួនបាន

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា​ យកខ្សែក្រវ៉ាត់វាយទៅលើបុរសម្នាក់ បណ្តាលឲ្យបែកក្បាល រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៤០នាទី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវត្តខ្ពប ក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេន លាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានឈ្មោះ ហូ ហាក់​ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។

ដកហូតបាន វត្ថុតាង ខ្សែរក្រវ៉ាត់ចំនួន១ ពណ៌ខ្មៅ គ្មានក្បាល ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ហូ ហាក់ និងជនរងគ្រោះ សេង លាង បានមកលេងកម្មវិធីបុណ្យកឋិនទាននៅចំណុចវត្តខ្ពប ក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ដោយមានតន្ត្រីអកកន្ដង់លេងកំដរផង។ លុះនៅពេលចប់តន្ត្រី ក៏កើតមានជម្លោះវាយគ្នា ដោយជនសង្ស័យបានដកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាល ក៏ត្រូវប្រជាការពារចាប់ឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ច នគរបាលប៉ុស្ដិ៍សំពៅពូនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងដូចចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការនីតិវិធីច្បាប់៕

មតិយោបល់