ព័ត៌មានជាតិ

ជនសង្ស័យ​២នាក់ ដេញវាយយុវជន២នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនឆែកឆេរ​រកឃើញសោកាច់កម៉ូតូ

ភ្នំពេញ: ជនសង្ស័យ២នាក់ ​ក្នុងចំណោមបក្ខពួក៤បួននាក់ ត្រូវបានសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អូរបែកក្អម ​ជិះល្បាតនិងចាប់ឃាត់ខ្លួន​ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូដេញវាយយុវជន២នាក់ ​មិនបានសម្រេច​ និងឆែកឆេរ​រកឃើញ​ឧបករណ៍​សម្រាប់កាច់សោ​កម៉ូតូចំនួនមួយ​​ កាលពីវេលា​ម៉ោង​១និង០៥នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងមុខស្ថានីយ​ប្រេង​ឥន្ធន:​តូតាល់​ តាមបណ្តោយផ្លូវ២០០៤​ ស្ថិត​ក្នុង​សង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ​។

ជនសង្ស័យ​ទី១មានឈ្មោះ​ នៅ​ វិច្ឆិកា​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ មុខរបរ​និងកន្លែងស្នាក់នៅមិនពិតប្រាកដ​។ ទី​២មាន​ឈ្មោះ​ ធឿន​ អូន​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរ​និងកន្លែងស្នាក់នៅមិនពិតប្រាកដ​។ ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ​ នង់​ រិទ្ធីយ៉ា​ ភេទប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​នៅ​ផ្ទះ​ ស្នាក់នៅ​ភូមិ​អណ្តូង​៣​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​។

តាមប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា​ មុន​ពេលកើតហេតុជនរងគ្រោះនិងប្អូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០៥​ ពណ៌ខ្មៅ​ មិនចាំស្លាកលេខ​។ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ ដែលទើបតែមកពីផ្ទះប្រពន្ធនៅម្តុំស្ទឹងមានជ័យ​ហើយបំណងជិះត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ លុះមកដល់ចំណុចក្បែរនិង​ក្លឹប​ផ្លេយ៍​ ស្រាប់​តែ​លេច​មុខ​ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយសាគីវីវ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ​ភ្នំពេញ ​1CO-2735​ រួមទាំងបក្ខពួក២នាក់ទៀតជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក​។ បានជិះដេញពីក្រោយ​ម៉ូតូជនរងគ្រោះ ដែលដៃ​ជនសង្ស័យ​ប្រដាប់ដោយសោ​ទីប​ រួចក៏បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះតែមិនត្រូវ​។ ភ្លាម​នោះ​ដោយជនរងគ្រោះភ័យ​ស្លន់ស្លោ​ ក៏ព្យាយាមជិះម៉ូតូរត់​គេច​ខ្លួន​ ហើយស្រប់​ពេលដែលកម្លាំងពួកគាត់កំពុងជិះល្បាតក្នុងមូលដ្ឋាន​ ឃើញដូច្នេះក៏ជិះដេញតាមរហូតទៅដល់ចំណុចកើតហេតុ​ ក៏បានធ្វើការស្ទាក់ចាប់បានជនសង្ស័យ​ទាំង២​នាក់​ខាង​លើ​ ដោយឡែក​បក្ខពួក២នាក់ទៀតបានជិះរត់គេចខ្លួនបាត់សម្រោល។
បន្ទាប់មកកម្លាំងសមត្ថកិច្ចពួកគាត់ក៏បានធ្វើការ​ឆែកឆេរ​ទៅលើខ្លួនជនសង្ស័យទាំង២នាក់នោះ​ ស្រាប់​តែ​ប្រទះ​ឃើញ​ឧបករណ៍​សម្រាប់កាច់សោ​ កម៉ូតូមួយ​កំផ្លេ​នៅលើខ្លួនជនសង្ស័យ​ឈ្មោះ​ នៅ​ វិច្ឆិកា​ រួចក៏ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

ក្រោយ​ពេល​កើត​ហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ខាង​លើ​រួម​ទាំង​វត្ថុ​តាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អូរបែក​ក្អម​ធ្វើការសាកសួរនាំនិងកសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​រង់ចាំ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​បន្ត​ទៀត​៕​

មតិយោបល់