ព័ត៌មានជាតិ

ស្រីស្រស់ម្នាក់ ជិះម៉ូតូលឿន បុកឡើងទួលកាត់ទទឹងផ្លូវ ផ្លោងប្រមាណ១០ម៉ែត្រ របួសយ៉ាងដំណំ

ភ្នំពេញ: នារីម្នាក់បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង ដោយជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកទួលកាត់ទទឹង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ណូរ៉ា ស្នាក់នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ បានជិះម៉ូតូម៉ាកនិក ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GZ 2000។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូខាងលើ ជិះដោយនារីរងគ្រោះម្នាក់ឯង ក្នុងល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មិនបានបន្ថយល្បឿនទេ ក៏ជ្រុលចង្កូតទៅបុកទួលកាត់ទឹងផ្លូវ សម្រាប់បន្ថយល្បឿន បណ្តាលខ្ទាតផ្លោងទាំងម៉ូតូ និងអ្នកជិះប្រមាណ១០ម៉ែត្រ រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍ទួលសង្កែទី២ រង់ចាំជនរងគ្រោះ ឬសាច់ញាតិយកឯកសាមកផ្ទៀងផ្ទាត់ និងប្រគល់ឲ្យនៅពេលក្រោយ ៕

មតិយោបល់