ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹង ជិះម៉ូតូធ្លាក់ជង្ហុកបាក់​កស្លាប់ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​

ភ្នំពេញ: បុរសម្នាក់ទើបតែចេញមកពីចូលរួមវិធីមង្គលការគេ​ ក្នុងស្ថានភាពស្រវឹង​ បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន​ហើយក៏បានធ្លាក់បណ្តាលឲ្យដួលបាក់កស្លាប់ភ្លាមៗ​ កាលពីវេលា​ម៉ោង​១០និង៤០នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងមុខ​ស្ថានីយ​ប្រេង​ឥន្ធន:​ភីធីធី​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

សព​បុរស​រង​គ្រោះ​មាន​ឈ្មោះ​ លៀម​ ទួន​ អាយុ៣៩ឆ្នាំ​ ជាអ្នក​ខ្វៃ​ជ្រូកលក់​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ មាន​ស្រុក​កំណើត​នៅ​ខេត្តកំពត​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​ នៅមុន​ពេល​កើត​ហេតុ​ជនរងគ្រោះ​ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ឃ្លីក ស៊េរី​០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​1GO-3713​ ទើបតែជិះចេញមកពីចូលរួម​ពិធី​មង្គលការគេនៅម្តុំទួលគោកហើយបំណង​ជិះ​ត្រឡប់ទៅផ្ទះវិញ​នៅម្តុំ​រង្វង់​មូល​ចោមចៅ​។ ដោយធ្វើដំណើរ​ក្នុងស្ថានភាពស្រវឹង​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទិសដៅ​ពី​ជើងទៅត្បូង​ និងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុដោយមិនប្រយ័ត្នក៏បានធ្លាក់​ជង្ហុក​ដែលនៅចំកណ្តាលផ្លូវ​ បណ្តាលឲ្យម៉ូតូខាងលើដួលអូសប្រមាណ៣០ម៉ែត្រ​រងការ​ខូចខាត​បន្តិច​បន្តួច។​ ចំណែកឯ​បុរសរងគ្រោះដែលជាអ្នកបើកម៉ូតូបានដួលបោកទៅនឹង​ថ្នល់​បណ្តាលឲ្យ​បាក់​ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុយ៉ាង​អាណោចអាធ័ម​។

ក្រោយពេលកើតហេតុក៏ឃើញមានសាច់ញាតិនិងប្រពន្ធរបស់ជនរងគ្រោះបានមកដល់​កន្លែង​កើត​ហេតុ​ និងបានស្រែកយំសោកអោបសពប្តីយ៉ាង​ក្រៀមក្រំ​បំផុត​។

សមត្ថកិច្ច​ជំនាញក៏បានធ្វើការប្រគល់សពបុរសរងគ្រោះទៅឲ្យក្រុម​គ្រួសារ​ដឹង​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​។ ដោយឡែក​ម៉ូតូ​ខាងលើត្រូវបាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ រង់ចាំ​ប្រគល់​ទៅ​ឲ្យ​សាច់​ញាតិ​សពនៅពេល​ក្រោយ៕

មតិយោបល់