ព័ត៌មានជាតិ

រថយន្តធន់ធំ២គ្រឿង បើកលឿនបុកគ្នាលាន់ដូចរន្ទះ របួសធ្ងន់ស្រាលតៃកុង២នាក់ ខ្ទេចរថយន្តយ៉ាងដំណំ

ភ្នំពេញ: តៃកុងរថយន្ត២នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីបើកខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាកហ៊ីណូ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3088 ទិសដៅពីកើតទៅលិច និងមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស្លាទុំ ពាក់ស្លាកលេខ​ ក5710 ភព3 ទិសដៅពីលិចទៅកើត អ្នកបើករថយន្តទាំង២មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក​ហ៊ីណូខាងលើ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានជ្រុលបុកគ្នាជាមួយរថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយពេញទំហឹង ខណ:កំពុងបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យតៃកុងរថយន្តទាំងសងខាងរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រថយន្តឡើងសួនទ្រូងផ្លូវផុងកង់ចូលដីទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំទាំងសងខាង។

ក្នុងករណីគ្រោះថ្នាក់ចរណ៍ខាងលើមិនទាន់ដឹងខាងណាខុសឬត្រូវនោះទេដោយមានវត្តមានសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ។ ចំណែកតំណាងភាគីរថយន្តទាំងសងខាងកំពុងសម្របសម្រួលដោះស្រាយគ្នា រីឯជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីរពេទ្យដើម្បីព្យាបាល៕

មតិយោបល់