Post News Media ព័ត៌មានជាតិ ​សមត្ថកិច្ចរក...

​សមត្ថកិច្ចរកឃើញស្ថានីយ៍និងដេប៉ូប្រេងឥន្ធន:៣ទីតាំង ដាក់លក់ខុសបរិមាណនិងគុណភាព!

​កំពង់ស្ពឺ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ០៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធន:នៅតាមបណ្ដាស្ថានីយ/ដេប៉ូ នៅខេត្តកំពង់ស្ពឺ បានចំនួន​៩ទីតាំង។

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង និងត្រួតពិនិត្យរង្វាស់រង្វាល់របស់បណ្ដាស្ថានីយ/ដេប៉ូលក់ប្រេងផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ​ មន្ត្រីជំនាញបានរកឃើញថាមានស្ថានីយ/ដេប៉ូចំនួន​ ៣ បានលក់ប្រេងមិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ​ និងស្ថានីយ​ ចំនួន០១ មិនមានអនុលោមភាពផ្នែកបរិមាណ​ ។

ចំពោះតម្លៃលក់រាយរបស់ស្ថានីយ/ដេប៉ូ ទាំង០៩ទីតាំងខាងលើ បានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

មន្ត្រីកាំកុងត្រូលបានណែនាំនិងឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ដែលត្រូវបានរកឃើញមានភាពមិនអនុលោមខាងលើ ធ្វើកិច្ចសន្យាកែតម្រូវឡើងវិញ ពុំនោះទេនៅពេលដែលមន្ត្រីជំនាញរកឃើញកំហុសលើកទី២ ស្ថានីយទាំងនោះ នឹងប្រឈមចំពោះការផ្សព្វផ្សាយជាសាធារណ:តាមប្រព័ន្ធសារព័ត៌មាននានា ឬអាចនឹងប្រឈមចំពោះមុខច្បាប់៕

Loading...